(ភ្នំពេញ)៖ នេះជាថ្ងៃទី៥ហើយ ដែលក្រុមការងារចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៃរដ្ឋបាលខណ្ឌឬស្សីកែវ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលខណ្ឌ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៤ ជូនមន្ត្រីជួរមុខ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌ សម្រាប់រយៈពេលកន្លះខែ។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌ ក៏កំពុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់កុមារអាយុចាប់ពី៥ឆ្នាំឡើងទៅ ទាំងដូសទី១ ដូសទី២ (ដូសមូលដ្ឋាន) និងដូសជុំរុញ ដូសទី៣ នៅ៣ទីតាំងផ្សេងគ្នាផងដែរ ស្ថិតនៅវត្តទួលសុវណ្ណារាម (ទួលសង្កែ) នៅមន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ និងនៅមណ្ឌលសុខភាពគីឡូម៉ែតលេខ៩ បើគិតចាប់ពីបើកយុទ្ធនាការថ្ងៃទី១៤ មកដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ។

លោក ឯក ឃុនដឿន បានរំលឹកឱ្យអាជ្ញាធរជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌទាំងអស់ឱ្យមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ទាំងដូសទី១ ដូសទី២ និងដូសទី៣ (ដូសជុំរុញ) ហើយនឹងដូសទី៤ ដើម្បីចូលរួមបង្ការទប់ស្កាត់វីរូសរាតត្បាតកូវីដ-១៩ បំប្លែងថ្មី «អូមីក្រុង» ឆ្លងក្នុងសហគមន៍ ដែលរកឃើញតាមរយៈក្រសួងសុខាភិបាល។

លោកអភិបាលខណ្ឌឫស្សីកែវ បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវភ្ជាប់មកជាមួយនូវឯកសារ រួមមាន៖ ប័ណ្ណ (កាត) ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងលើកទី១ លើកទី២ និងលើកទី៣ ក្រៅពីភ្ជាប់មកជាមួយនូវ សំបុត្រកំណើត ឬអត្តសញ្ញាណ្ណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅស្នាក់នៅ, សៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ដែលបានប្រើប្រាស់ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ដូសទី១។

បន្ថែមពីនេះ លោកអភិបាលខណ្ឌបានក្រើនរំលឹកឱ្យបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវបង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយប្រកាន់ភ្ជាប់នូវការរក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរហើយត្រូវ បន្តអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕