(មណ្ឌលគិរី)៖ សត្វក្រពើភ្នំ ដែលជាប្រភេទសត្វដ៏កម្របំផុតសរុប ១០ក្បាល ក្នុងនោះមានកូនក្រពើភ្នំចំនួន ៩ក្បាល និងមេមួយក្បាល ត្រូវបានក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថាន និងអង្គការ WWF បានប្រទះឃើញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ កំពុងហែលទឹកនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវានៅក្នុងដែនជម្រកសត្វព្រៃស្រែពក នៃតំបន់ព្រៃទេសភាពភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី។ នេះគឺជាការបញ្ជាក់ឱ្យដឹងរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ។

រដ្ឋលេខាធិការការបានថ្លែងថា នេះគឺជាដំណឹងដ៏រីករាយបំផុតសម្រាប់ក្រុមអ្នកអភិរក្ស និងអ្នកស្រាវជ្រាវដែលបានចំណាយ ពេលវេលា កម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញការងារដោយភាពអត់ធ្មតបំផុត ក្នុងការតាមដានអំពីវត្តមានសត្វក្រពើភ្នំ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពក។ របកគំហើញនេះបានធ្វើឱ្យកម្ពុជា មានកំណត់ត្រាថ្មីមួយបន្ថែមទៀតពីវត្តមានក្រពើភ្នំ នៅក្នុងខេត្តមណ្ឌលគិរី បន្ថែមពីអ្វីដែលគេបានដឹងពីមុនមកថាក្រពើភ្នំមានវត្តមានតែនៅក្នុងតំបន់អារ៉ែង ក្នុងតំបន់ជួរភ្នំក្រវ៉ាញ ខេត្តកោះកុង។

សត្វក្រពើភ្នំ ធ្លាប់មានរស់នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មកវត្តមានរបស់សត្វប្រភេទជិតផុតពូជបំផុតមួយនេះ ត្រូវបាត់បង់គួរឱ្យបារម្ភពីដែនជម្រកធម្មជាតិរបស់ពួកវា។ ប្រទេសកម្ពុជា គឺជាទីជម្រកសំខាន់ជាសកលមួយសម្រាប់ការរស់រាននៃសត្វក្រពើភ្នំ ដែលត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនសរុប ចន្លោះពី២០០ ទៅ ៤០០ក្បាល កំពុងរស់នៅក្នុងទីជម្រកធម្មជាតិនានាក្នុងប្រទេស។ នៅលើពិភពលោក ចំនួនសត្វក្រពើភ្នំដែលស្ថិតក្នុងវ័យអាចបន្តពូជបាន មានប្រមាណមិនលើសពី ១.០០០ (១ពាន់) ក្បាលឡើយ។

កត្តាគំរាមកំហែងចំពោះការរស់រានរបស់សត្វក្រពើភ្នំមានដូចជា៖ ការរេចរិលនិងការបាត់បង់ទីជម្រក ការបរបាញ់ខុសច្បាប់ដែលបណ្តាលមកពីតម្រូវការនៃការជួញដូរសត្វព្រៃខុសច្បាប់ ការចាប់ដោយខុសច្បាប់ដើម្បីផ្គត់ផ្គង់កសិដ្ឋានចិញ្ចឹមក្រពើ ការចាប់យកទៅបង្កាត់ពូជជាមួយពូជក្រពើផ្សេង ទំនប់វារីអគ្គិសនី និងការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ជាដើម។

បន្ថែមពីនេះមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានថ្លែងថា ការកត់សម្គាល់ពីវត្តមានទាំងមេក្រពើ និងកូនក្រពើភ្នំសរុប១០ នៅពេលនេះ គឺជាការបញ្ជាក់កាន់តែច្បាស់អំពីវត្តមាន របស់ហ្វូងកូនសត្វក្រពើភ្នំដែលត្រូវបានអ្នកវិទ្យាសាស្ត្របានកត់ត្រាទុកវត្តមានរបស់ពួកវាជាលើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ។

លោកបញ្ជាក់ថា៖ «គំហើញនៃហ្វូងកូនសត្វក្រពើភ្នំនាពេលនេះ គឺជាភស្តុតាងបញ្ជាក់ដោយរូបភាពដំបូងបង្អស់នៃការរស់រានបន្តពូជរបស់សត្វនេះ ក្រោយការខិតខំស្រាវជ្រាវអស់រយៈពេលជាងមួយទសវត្សរ៍នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដែលជាតំបន់ការពារធម្មជាតិមួយនៃតំបន់ព្រៃទេសភាពភាគខាងកើត ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាននិងគាំទ្រដោយអង្គការWWF»

យោងតាមអ្នកជំនាញសត្វព្រៃរបស់អង្គការ WWF កូនសត្វក្រពើភ្នំទាំងនេះមានអាយុប្រមាណចន្លោះពី៧ ទៅ ៨ខែ ហើយពួកវាមានល័ក្ខខ័ណ្ឌសុខភាពល្អ។ អ្នកវិទ្យាសាស្រ្តក៏បានស្វាគមន៍នូវដំណឹងដ៏ល្អនៃការរស់រាន និងការលូតលាស់របស់កូនសត្វក្រពើភ្នំទាំងនេះ ព្រោះដោយមានការការពារ និងតាមដានបានត្រឹមត្រូវ និងជាប់លាប់។ អ្នកវិទ្យាសាស្រ្តក៏បានរំពឹងដែរថាពួកវានឹងចាប់ផ្តើមរស់នៅ និងដើររកស៊ីដោយឡែកពីគ្នា នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ ដោយ មានក្តីសង្ឃឹមថាកូនសត្វក្រពើភ្នំទាំងអស់នេះនឹងបន្តលូតលាស់ឈានដល់ភាពពេញវ័យដើម្បីអាចបន្តពូជបាននៅពេលអនាគត។

ជាមួយគ្នានេះដែរ លោករដ្ឋលេខាក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះក្រុមការងារស្រាវជ្រាវវិទ្យាសាស្ត្រ នៃក្រសួងបរិស្ថាន និងអង្គការ WWF ដែលបានខិតខំប្រឹងប្រែងសិក្សា និងស្រាវជ្រាវរហូតទទួលបាននូវលទ្ធផលដោយបានកត់ត្រាបញ្ជាក់ជាផ្លូវការលើកដំបូងបង្អស់នៃហ្វូងក្រពើភ្នំដែលកំពុងបន្តពូជនិងរីកធំធាត់នៅតំបន់អភិរក្សស្រែពក។

លោកបានបានលើកឡើងថា «នេះគឺជាលទ្ធផលដ៏វិជ្ជមាន ដែលកើតចេញពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិអភិរក្សរវាងក្រសួងបរិស្ថាន និង អង្គការ WWF។

ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យក្រសួងបរិស្ថាន ក៏បានលើកឡើងថា ការកត់ត្រាពីវត្តមានសត្វក្រពើភ្នំនៅពេលនេះបានបង្ហាញឱ្យឃើញពីសារៈសំខាន់នៃដែនជម្រកសត្វព្រៃស្រែពកដែលជាតំបន់ព្រៃរបោះធំជាងគេនៅអាស៊ីអាគ្នេយ៍ និងជាតំបន់ជីវៈចម្រុះសកលមួយដែលមានសក្តានុពលខ្ពស់សម្រាប់ការស្តារធនធានជីវៈចម្រុះ និងចំនួនសត្វព្រៃសំខាន់ៗ មានតម្លៃជាសកលឡើងវិញ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា ដោយសារកម្ពុជាមានសន្តិភាពពេញលេញ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ អង្គការអភិរក្សជាដៃគូរបស់ក្រសួងបរិស្ថាន មានលទ្ធភាពក្នុងការផ្តោតការយកចិត្តទុកដាក់ និងរិះរកគ្រប់មធ្យោបាយ និងដំណោះស្រាយនានាក្នុងកិច្ចគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ សំដៅឈានឆ្ពោះទៅស្តារធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីដែលកម្ពុជា មានឱ្យសំបូរនិងកាន់តែប្រសើរ។ ប្រទេសកម្ពុជា គឺជាប្រទេសដែលមានធនធានធម្មជាតិដ៏វិសេសវិសាលគ្មានពីរ ដែលនេះគឺជាមោទនភាពជាតិសម្រាប់ប្រជាជនកម្ពុជាទាំងអស់។

កញ្ញា Milou Groenenberg ជាប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះនៃអង្គការ WWF ធ្លាប់បានលើកឡើងកាលពីខែកញ្ញា ឆ្នាំ២០២១ ថា របកគំហើញក្រពើភ្នំនៅតំបន់ដែនជម្រកសត្វព្រៃស្រែពក ត្រូវបានអ្នកវិទ្យាសាស្រ្តចាត់ទុកថាជាការវិវត្តន៍ដ៏វិជ្ជមានមួយ នៃការសិក្សាស្តីពីសត្វក្រពើភ្នំ នៅក្នុងតំបន់នៃដែនជម្រកសត្វព្រៃស្រែពក ដោយហេតុថាវត្តមានរបស់សត្វនេះមិនត្រូវបានគេបញ្ជាក់ជាផ្លូវការទេ បើផ្អែកតាមរបាយការណ៍ស្រាវជ្រាវ​នានាដែលគេធ្លាប់ទទួលបានកាលពីរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយរីឯការកត់ត្រាវត្តមានរបស់វាតាមរយៈរូបភាពក៏គ្មានដែរក្នុងទសវត្សរ៍ចុងក្រោយនេះ។

កញ្ញា Milou បានថ្លែងថា៖ «កាលពីមុនអ្នកវិទ្យាសាស្រ្តនៅមិនទាន់អាចបញ្ជាក់ច្បាស់បានទេថា​សត្វក្រពើភ្នំដែលរស់នៅក្នុងទីជម្រកស្រែពក​នេះអាចមាន​គូបង្កាត់ពូជបាន ហើយក៏គេកាន់តែមិនអាចបញ្ជាក់បានទៀតថា តើសត្វនេះបានធ្វើសំបុកនៅទីណាមួយក្នុងតំបន់នេះ ហើយមានញាស់កូនដែរ ឬអត់នោះឡើយ»

អ្នកវិទ្យាសាស្រ្តរូបនេះបានបន្ថែមថា៖ «គំហើញនៃហ្វូងកូនសត្វក្រពើភ្នំនៅតំបន់ស្រែពកពេលនេះពិតជាផ្តល់នូវក្តីសង្ឃឹមសម្រាប់ការអភិរក្ស និងការពារការរស់រានរបស់សត្វនេះនៅក្នុងទីជម្រកធម្មជាតិរបស់វា ដែលវាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា និងពិភពលោកទាំងមូល»

ការរស់រានរបស់កូនក្រពើភ្នំ ដែលទើបត្រូវបានគេស្រាវជ្រាវឃើញពេលនេះ ព្រមទាំងការការពារទីជម្រករបស់ពួកវាដោយសុវត្ថិភាពល្អ ត្រូវបានស្ថិតក្រោមការធានា និងឃ្លាំមើលយ៉ាងតឹងរ៉ឹងដោយមន្ត្រីអនុវត្តច្បាប់ដែលធ្វើការនៅក្នុងតំបន់ការពារ ក៏ដូចជាដោយមានការចូលរួមក្នុងការថែរក្សា តំបន់ការពារធម្មជាតិពី​សំណាក់សហគមន៍​មូលដ្ឋាននៅជុំវិញតំបន់ការពារ ព្រមទាំងការអនុវត្តនូវកម្មវិធីអភិវឌ្ឍជីវភាពរបស់សហគមន៍ឱ្យបានប្រសើរឡើង ដែលទាំងនេះជាផ្នែក​សំខាន់មួយនៃភាពជាដៃ​គូយុទ្ធសាស្ត្រសម្រាប់រយៈពេលវែងរបស់ក្រសួងបរិស្ថាន និងអង្គការ WWF។

ជាមួយគ្នានេះ លោក សេង ទៀក នាយកអង្គការWWFកម្ពុជា ក៏បានថ្លែងថា៖ «យើងត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការការពារ និងអភិរក្សបន្ថែមទៀត ដោយផ្តល់អាទិភាពលើការស្វែងរកនូវដំណោះស្រាយសមស្រប និងប្រកបដោយភាពច្នៃប្រឌិតសម្រាប់គាំទ្រដល់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការការពារធនធានសត្វព្រៃ ហើយស្របពេលជាមួយគ្នានោះដែរ បន្តអំពាវនាវឱ្យចាត់នូវវិធានការ និងវិធីសាស្ត្រឱ្យកាន់តែប្រសើរជាងមុនដើម្បីគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងធនធានធម្មជាតិ»

លោកបានបន្ថែមថា៖ «គំហើញនាពេលនេះ បានបង្ហាញថាការស្តារចំនួនសត្វព្រៃនៅតំបន់ព្រៃទេសភាពភាគខាងកើតឱ្យប្រសើរឡើងវិញ គឺជាលទ្ធភាពដែលគេអាចធ្វើទៅបាន ដោយបង្កើនកិច្ចសហការរួមគ្នា ដើម្បីរៀបចំឡើងឱ្យមាននូវលក្ខខណ្ឌចាំបាច់នានាដូចជា ការការពារទីជម្រក ការធានាការផ្គត់ផ្គង់ចំណីអាហារ និងទឹកតាមបែបធម្មជាតិ ដែលជាសុទ្ធសឹងជាកត្តាផ្តល់អំណោយផលដល់ការរស់រានរបស់សត្វក្រពើភ្នំ និងប្រភេទសត្វដទៃជាច្រើនទៀត ដែលកំពុងរស់នៅក្នុងទីជម្រកធម្មជាតិ នៃតំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃកម្ពុជានេះ»

ក្រសួងបរិស្ថាន និងអង្គការ WWF នឹងបន្តតាមដានស្ថានភាពសត្វក្រពើភ្នំនៅតំបន់ស្រែពកតទៅបន្ថែមទៀត និងពង្រឹងវិធានការការពារទីជម្រករបស់សត្វនេះពីការគំរាមកំហែងផ្សេងៗ មានដូចជាការទន្រ្ទានដីដែលធ្វើឱ្យប៉ះពាល់ដល់ទីជម្រក និងសកម្មភាពល្មើសច្បាប់ផ្សេងៗទៀតដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវការចុះល្បាតជាប្រចាំតាមគ្រប់មធ្យោបាយទាំងក្នុង និងក្រៅតំបន់ការពារធម្មជាតិ។

ក្នុងនាមក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យចាត់វិធានការរួមគ្នាជាបន្ទាន់បន្ថែមទៀតសម្រាប់ការការពារ និងអភិរក្សសត្វក្រពើភ្នំ ដើម្បីឱ្យសត្វកម្រនៅលើពិភពលោកនេះជៀសផុតពីការផុតពូជ និងដាក់ចេញនូវវិធីសាស្ត្រនានាដើម្បីធានាឱ្យសត្វនេះមានចំនួនកើនឡើងវិញសម្រាប់គាំទ្រការរស់រានរបស់វាតទៅអនាគត។

ក្រសួងបរិស្ថានបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយអង្គការអន្ដរជាតិមិនមែនរដ្ឋាភិបាល សហគមន៍មូលដ្ឋាន និងបណ្តាដៃគូដទៃទៀត ដើម្បីការពារ និងថែរក្សាធនធានព្រៃឈើ និងមរតកធនធានសត្វព្រៃរបស់កម្ពុជា ដើម្បីផ្តល់ជាប្រយោជន៍សង្គម និងសេដ្ឋកិច្ចសម្រាប់រយៈពេលវែងដល់ប្រជាជនជំនាន់នេះ និងជំនាន់តទៅអនាគត។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ដែនជម្រកសត្វព្រៃស្រែពក និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី ចូលរួមការពារ និងអភិរក្សសត្វក្រពើភ្នំនេះឱ្យបានគង់វង្ស៕