(ភ្នំពេញ)៖ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ បានចែករំលែកនូវអនុសាសន៍សំខាន់ៗចំនួន៥ ដើម្បីបន្តពង្រឹងទំនាក់ទំនងអាស៊ានឱ្យកាន់តែប្រសើរឡើង ក៏ដូចជាគាំទ្រ និងលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទេសចរណ៍ តំបន់ឆ្ពោះទៅអនាគត និងវិបុលភាពរួមស្របតាមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ» និងឈរលើទស្សនៈវិស័យ «ការគិតពីប្រជាជន គិតពីសេដ្ឋកិច្ច គិតពីអនាគត»

ការចែករំលែកអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញបើកវេទិកាទេសចរណ៍អាស៊ាន នៅខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នាទីក្រុងព្រះសីហនុ។

អនុសាសន៍សំខាន់ៗទាំង៥ របស់សម្តេចតេជោ ក្នុងបើកវេទិកាទេសចរណ៍អាស៊ាន នៅខេត្តព្រះសីហនុ រួមមាន៖

ទី១៖ ការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច ពេញលេញជាបណ្តើរៗឡើងវិញ ត្រូវបានវាយតម្លៃថា ស្ថិតក្នុងស្ថានភាពបន្ទាន់ និងត្រូវស្របតាមគន្លងប្រក្រតីភាពថ្មី សម្រាប់ប្រទេសទាំងអស់ក្នុងអាស៊ាន ដោយហេតុថា ស្ថានភាពទីផ្សារទេសចរណ៍នឹងមានភាពតូចចង្អៀត ជាមួយនឹងការប្រកួតប្រជែងកាន់តែខ្ពស់ ទាំងលើទិដ្ឋភាពនៃគុណភាពផលិតផល និងសេវាកម្ម តម្លៃសមរម្យ ទំនុកចិត្តលើសុវត្ថិភាពនៃគោលដៅទេសចរណ៍,
វិធានការក្នុងការគ្រប់គ្រងស្ថានភាព នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការសម្រួលដល់ការធ្វើដំណើរ ។ ចំណុចទាំងនេះ គឺជាកត្តាគន្លឹះសម្រាប់ការសម្រេចចិត្តរបស់ភ្ញៀវទេសចរ ក្នុងការជ្រើសរើសគោលដៅទេសចរណ៍ក្នុងបរិបទថ្មី ។ ក្នុងន័យនេះ ផែនការ ស្តារវិស័យទេសចរណ៍អាស៊ាន ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ នឹងក្លាយជាគន្លឹះយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការបើកឱ្យដំណើរការឡើងវិញជាបណ្តើរៗ នៃការទទួលភ្ញៀវទេសចរអន្តរជាតិ ដោយឈរលើគោលការណ៍រក្សា បាននូវតុល្យភាពរវាងសកម្មភាពសង្គម-សេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈ ជាមួយកិច្ចខិតខំក្នុងការវិលត្រឡប់ ឱ្យបានឆាប់ទៅរកប្រក្រតីភាពថ្មី នៃជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនអាស៊ាន។

ទី២៖ សម្តេចសូមគាំទ្រគំនិតផ្តួចផ្តើម សម្រាប់បណ្តាប្រទេសអាស៊ាន ក្នុងការរៀបចំការអនុវត្តវិធានសុខាភិបាល ក្នុងឧស្សាហកម្មទេសចរណ៍ ដែលជាយន្តការចូលរួមដ៏មានសារៈសំខាន់ ក្នុងការធានាបាននូវដំណើរការអាជីវកម្មទេសចរណ៍ឡើងវិញផង និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តគោលការណ៍រួម ជាអតិបរមា។ កម្ពុជាបច្ចុប្បន្ន បាននិងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ «វិធានសុវត្ថិភាពទេសចរណ៍» និង «នីតិវិធីប្រតិបត្តិស្តង់ដា» សម្រាប់ប្រតិបត្តិលើការបើកដំណើរការ អាជីវកម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី។

ទី៣៖ ក្នុងរយៈពេលខ្លី អាស៊ានក៏ត្រូវគិតគូរជំរុញចលនាទេសចរណ៍ផ្ទៃក្នុងអាស៊ានបន្ថែមទៀត ស្របតាមទស្សនៈ «អាស៊ានដើម្បីអាស៊ាន (ASEAN For ASEAN) ហើយសម្តេចសូមគាំទ្រទាំងស្រុង នូវគំនិតផ្តួចផ្តើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ក៏ដូចជាបើកតំបន់ទាំងមូល ដើម្បីទទួលស្វាគមន៍ទេសចរអន្តរជាតិឡើងវិញ។ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន សម្តេចសូមគាំទ្រឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ពិភាក្សា និងឯកភាពគ្នា ប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ នៅថ្ងៃស្អែកចេញពីក្រុងព្រះសីហនុ។ ទន្ទឹមនេះ ដើម្បីធានានូវជោគជ័យ នៃការបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញ គឺចាំបាច់ត្រូវធានាឲ្យបាននូវភាពជឿជាក់ និងទុកចិត្តថាជា «គោលដៅទេសចរណ៍ អាស៊ានមានសុវត្ថិភាព» ដោយឈរលើអត្រានៃការចាក់វ៉ាក់សាំងជាសូចនាករគោល។ ក្នុងន័យនេះ សម្តេចសូមគាំទ្រនូវកម្មវិធី «ទេសចរណ៍វ៉ាក់សាំង» ដែល បានដាក់ចេញ នៅតាមបណ្តាប្រទេសអាស៊ាន និងសូមគាំទ្រលើការដាក់ចេញយុទ្ធនាការ «អាស៊ានជាគោលដៅទេសចរណ៍ ប្រកបដោយភាពកក់ក្តៅនិងសុវត្ថិភាព» ។ សម្តេចតេជោ អំពាវនាវឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងស្ថាប័នសុខាភិបាលអាស៊ាន ត្រូវធ្វើការសិក្សា និងរៀបចំនូវប្រព័ន្ធរួមមួយ សម្រាប់ការបញ្ជាក់ទទួលស្គាល់ ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ដូស (Vaccination Passport ឬ Digital Health Pass) នៅក្នុងតំបន់អាស៊ាន និងស្នើឱ្យអាស៊ាន គិតគូរពិចារណាក្នុងការសម្រួលលក្ខខណ្ឌ នៃការធ្វើដំណើរទេសចរណ៍ជាបណ្តើរៗឡើងវិញ ដោយឈរលើគោលការណ៍ នៃការប្រុងប្រយ័ត្នខ្ពស់។

ទី៤៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ប្រទេសដៃគូអាស៊ាន និងថ្នាក់ដឹកនាំអង្គការទេសចរណ៍ពិភពលោក ព្រមទាំងសមាគមទេសចរណ៍ដៃគូអាស៊ាន គួរបន្តពង្រឹងការអភិវឌ្ឍមូលធនមនុស្ស ខិតខំអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ព្រមទាំងបង្កើនការផ្លាស់ប្តូរចែករំលែកបទពិសោធន៍ល្អៗ ជុំវិញការទាក់ទាញ និងអភិវឌ្ឍទេពកោសល្យដោយគិតគូរផងដែរ នូវការជំរុញកម្មវិធីអក្ខរកម្មឌីជីថល ការជំរុញសហគ្រិនវ័យក្មេង និងការជួយគាំទ្រសិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យទេសចរណ៍ដល់កម្រិតមូលដ្ឋាន និងត្រូវទាញអត្ថប្រយោជន៍ពីនវានុវត្តន៍ ការតភ្ជាប់ឌីជីថល និង បដិវត្តន៍ឧស្សាហកម្ម ៤.០ ដើម្បីការអភិវឌ្ឍទេសចរណ៍អាស៊ាន ប្រកបដោយវៃឆ្លាតចីរភាព និងបរិយាប័ន្ន។

ទី៥៖ អាស៊ានត្រូវរួមគ្នាជំរុញការងើបឡើងវិញ នៃវិស័យទេសចរណ៍ ប្រកបដោយភាពធន់ និងឆ្ពោះទៅអនាគត កាន់តែប្រសើរជាងមុន ប្រកបដោយគុណភាព ចីរភាព និងបរិយាប័ន្ន ។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអាស៊ាន បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍នានា និងកសាងភាពជាដៃគូរដ្ឋ-ឯកជន (PPP)ទាំងក្នុងប្រទេសតំបន់ និងសកលលោក សំដៅឆ្ពោះទៅរកការរីកចម្រើននៃវិស័យទេសចរណ៍ ប្រកបដោយភាពធន់ តាមគន្លងប្រក្រតីភាពថ្មី និងនាំមកនូវវិបុលភាពរបស់អាស៊ានទាំងមូល៕