(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចប់ការអនុវត្តវិធានការរាជរដ្ឋាភិបាលក្នុងការផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារអាម៉េរិក ក្នុង១ខែ សម្រាប់កម្មករ និយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប គិតចាប់ពីខែមករា ឆ្នាំ២០២២ តទៅខណៈកម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យទេសចរណ៍នៅទទួលបានប្រាក់ឧបត្ថម្ដដដែល រហូតដល់វិស័យនេះមានសភាពធូរស្បើយជាងនេះ។

សេចក្តីប្រកាសរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ឱ្យដឹងថា ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ត្រូវបានគ្រប់គ្រងប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ដែលធ្វើឱ្យរោងចក្រ សហគ្រាស ភាគច្រើនបានចាប់ផ្តើមមានដំណើរការជាប្រក្រតីឡើងវិញ និងយោងសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងបងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប មេត្តាជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការអនុវត្តវិធានការរាជរដ្ឋាភិបាលក្នុងការផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារអាម៉េរិក ក្នុង១ខែ សម្រាប់កម្មករ និយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប គិតចាប់ពីខែមករា ឆ្នាំ២០២២ តទៅខណៈបងប្អូនកម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យទេសចរណ៍នៅទទួលបានប្រាក់ឧបត្ថម្ដដដែល រហូតដល់វិស័យនេះមានសភាពធូរស្បើយជាងនេះ។

ក្រសួងបានបន្តថា៖ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្នុងវិស័យវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្តការព្យួរកិច្ចសន្យាការងារ ស្របតាមខ្លឹមសារមាត្រា៧១ និង ៧២ នៃច្បាប់ស្តីពីការងារ ឬតាមការព្រមព្រៀងគ្នារវាងនិយោជក និងកម្មករនិយោជិត៕