(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទួលគោក និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាកម្លាំងអាជ្ញាធរមានសមត្ថកិច្ចចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មមួយចំនួន ឱ្យបញ្ឈប់រាល់ការលក់ដូរទាំងឡាយលើចិញ្ចើមផ្លូវសាធារណៈ និងឈានដល់ការប្រើវិធានការក្ដៅឃាត់ម៉ូតូ ចំនួន៧គ្រឿងផងដែរ ដែលចតល្មើសបណ្ដាលឱ្យកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់ ដើម្បីផាកពិន័យ និងអប់រំតាមច្បាប់។

វិធានការក្ដៅរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់ឱ្យមានរបៀបរៀបរយ ដែលអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍ ព្រមទាំងការរក្សាបានចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋនេះ ដឹកនាំផ្ទាល់ដោយលោក ទៀវ សំអឿន អភិបាលរងខណ្ឌ និងមានការចូលរួមពីកម្លាំងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាការពារចំនួន២៣នាក់។

ជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការ អាជ្ញាធរមានសមត្ថកិច្ច បានណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មមួយចំនួន ឱ្យបញ្ឈប់រាល់ការលក់ដូរទាំងឡាយលើចិញ្ចើមផ្លូវសាធារណៈលេខ២៥៧ ចំនួន៨កន្លែង ហើយឈានដល់ការ សម្រេចឃាត់ម៉ូតូចំនួន៧គ្រឿង ដែលចតល្មើសរំខាននាំឱ្យកកស្ទះចរាចរណ៍ និងបាត់បង់ទាំងសណ្តាប់ធ្នាប់ យកមករក្សាទុកនៅអធិកាដ្ឋាននគរបាលខណ្ឌ ជាបណ្តោះអាសន្ន ដើម្បីអប់រំ និងធ្វើការផាកពិន័យ តាមច្បាប់ចរាចរណ៍ផ្លូវគោក៕