(រតនគិរី)៖ គណៈកម្មការរៀបចំដែនដីថ្នាក់ខេត្តរតនគិរី បានរៀបចំពិនិត្យសេចក្ដីព្រាងឯកសារប្លង់គោលប្រើប្រាស់ដីនៅស្រុកតាវែង ស្រុកអណ្ដូងមាស និងស្រុកអូរយ៉ាដាវ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ក្រោមវត្តមាន លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត។

នៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានជំរុញឲ្យក្រុមការងារបច្ចេកទេសរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីស្រុកទាំង៣ សហការជាមួយអ្នកពាក់ព័ន្ធពន្លឿនឱ្យបានឆាប់រហ័ស និងគ្រប់ជ្រុងជ្រោយទៅតាមបទដ្ឋានបច្ចេកទេស និងច្បាប់ជាមូលដ្ឋាន ដើម្បីដាក់ឆ្លងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មស្រុក និងខេត្តដើម្បីបញ្ជូនសុំការសម្រេចពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យ និងសម្រេច។

លោកអភិបាលខេត្ត បានបន្ថែមថា រាល់ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី និងការអភិវឌ្ឍផ្សេងៗក្នុងស្រុកនីមួយៗ ត្រូវអនុលោមទៅតាមប្លង់គោលដែលបានពិនិត្យ និងកែសម្រួលរួចរាល់ក្នុងកិច្ចប្រជុំនាពេលនេះ រហូតដល់មានការប្រើប្រាស់ នូវប្លង់គោលការប្រើប្រាស់ដីធ្លីក្នុងស្រុកទាំង៣ ជាផ្លូវការ។

លោក ញ៉ែម សំអឿន បានជំរុញដល់ស្រុកទាំង៣ ត្រូវរៀបចំគម្រោងអភិវឌ្ឍស្រុកឲ្យបានច្បាស់លាស់ រួមមាន៖ ការអភិរក្សវិស័យទេសចរណ៍ធម្មជាតិ វប្បធម៌ អត្តសញ្ញាណវប្បធម៌ជនជាតិដើមភាគតិច ហេដ្ឋារចនា សម្ព័ន្ធ កិច្ចការពារបរិស្ថាន ការអភិវឌ្ឍបៃតង និងត្រូវថែរក្សាការពារឲ្យបាននូវសម្បត្តិធម្មជាតិបានគង់វង្ស។ ត្រូវរក្សាឲ្យបាននូវផ្លូវប្រវត្តិសាស្រ្ដ និងធនធានដែលនៅសល់ពីសម័យតស៊ូ ដែលឥស្សរជនខ្មែរពីមុនមកប្រើក្នុងសម័យសង្រ្គាម ឲ្យបានល្អ ដើម្បីបង្កើតជាគោលដៅអេកូទេសចរណ៍មួយដ៏ទាក់ទាញទៅថ្ងៃខាងមុខ សម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្ដខេត្តយើងបានកាន់តែច្រើន។ បន្ថែមពីនោះត្រូវកំណត់យុទ្ធសាស្រ្ដអភិវឌ្ឍរៀបចំដែនដី តម្រង់ទិសការអភិវឌ្ឍកសិ-ឧស្សាហកម្ម និងការកែច្នៃ គ្រប់គ្រងការពារ ប្រើប្រាស់អភិវឌ្ឍដី និងធនធានធម្មជាតិ៕