(ភ្នំពេញ)៖ ក្រោមការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងនគរបាលខណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍កាកាបទី១ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនក្រុមចោរឆក់ចំនួន៦នាក់ ដែលតែងតែធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិអ្នកដំណើរតាមដងផ្លូវយ៉ាងសកម្ម។

លោកវរសេនីយ៍ឯក ម៉ន វុធី បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ ថា ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ម្សិលមិញ ដោយឃាត់ខ្លួនសង្ស័យចំនួន៦នាក់រួមមាន៖

*ទី១៖ ឈ្មោះ ស៊ូ ដេវីត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ
*ទី២៖ ឈ្មោះ ជួន សូម៉ាត្រា ហៅចេក ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ
*ទី៣៖ ឈ្មោះ អៀង សាន់ថៃ ហៅ ឆៃ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ
*ទី៤៖ ឈ្មោះ សោម វិចិត្រ ហៅ ចិត្ត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅមិនពិតប្រាកដ
*ទី៥៖ ឈ្មោះ សំ សុផាត ហៅ ផា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងកាត់កញ្ចក់ ស្នាក់នៅភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ
*ទី៦៖ ឈ្មោះ ជួន វីរៈ ហៅ អូន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។

លោកអធិការខណ្ឌ បានឱ្យដឹងថា ក្រុមជនសង្ស័យខាងលើនេះ ជាមុខសញ្ញាឆក់ដែលតែងតែធ្វើសកម្មភាពឆក់កាបូប ទូរស័ព្ទដៃ ខ្សែក និងរបស់របរផ្សេងៗទៀត ពីប្រជាពលរដ្ឋដែលជាអ្នកដំណើរតាមដងផ្លូវ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងខណ្ឌផ្សេងទៀតក្នុងរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ម៉ន វុធី បានបញ្ជាក់ថា ក្រោយការចាប់ខ្លួនជនខាងលើកម្លាំងដកហូតបានវត្ថុតាងរួមមាន៖ ម៉ូតូម៉ាកហុងដា ស្កុបពីចំនួន០១គ្រឿង, កាបូបចំនួន០៤, អត្តសញ្ញាណប័ណ្ណ ចំនួន ០៤សន្លឹក, កាតចាក់វ៉ាក់សាំងចំនួន០៧សន្លឹក, ប័ណ្ណ ប.ស.ស ចំនួន០២សន្លឹក និងឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួនទៀត។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕