(ភ្នំពេញ)៖ លោក ថោ ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ចុងសប្តាហ៍មុន ពោលគឺចាប់ពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២២ នៅទូទាំងប្រទេស ទទួលបានភ្ញៀវទេសចរ ជាង២៥ម៉ឺននាក់។

លោក ថោង ខុន បានឲ្យដឹងថា ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុង នាចុងសប្តាហ៍មុន មានដូចខាងក្រោម៖

១៖ ភ្ញៀវសរុបមានចំនួន ២៥៦.៣២២ នាក់ ក្នុងនោះ៖
* ភ្ញៀវជាតិ ២៤៣.៥៩៧ នាក់
* ភ្ញៀវបរទេសផ្ទៃក្នុង ១២.៧២៥ នាក់។

២៖ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៧២.០៨០ នាក់
* ខេត្តសៀមរាប ២៨.២២៩ នាក់
* រាជធានីភ្នំពេញ ២៧.៨៩២ នាក់
* ខេត្តពោធិ៍សាត់ ២៧.៦២៦ នាក់
* ខេត្តបាត់ដំបង ១៤.៩៨០ នាក់
* ខេត្តកំពត ១០.៥១៧ នាក់។

ជាការកត់សម្គាល់ លោក ថោង ខុន បានបន្ថែមឲ្យដឹងថា ចំនួនភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍នារយៈពេល៣-៤សប្តាហ៍ចុងក្រោយ បានកំពុងវិលទៅរកស្ថានភាពកាន់តែល្អប្រសើរ ប្រហាក់ប្រហែលនឹងពេលមិនទាន់មានជំងឺកូវីដ-១៩ ដែលជាទូទៅភ្ញៀវប្រចាំចុងសប្តាហ៍ធម្មតា ស្ថិតនៅចន្លោះពី ២៥-៣០ ម៉ឺននាក់។

ដោយឡែក ខេត្តព្រះសីហនុដែលបានកំពុងធ្វើម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF) ទទួលបានការមកកម្សាន្តរបស់ភ្ញៀវទេសចរច្រើននាចុងសប្តាស៍កន្លងមក ជាមួយការមកដល់ជាបណ្តើរៗរបស់គណៈប្រតិភូបរទេសអាស៊ាន និងក្រុមការងារផ្ទៃក្នុងប្រទេស។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ បានណែនាំឲ្យមន្ទីរទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងវិស័យឯកជន ត្រូវជម្រុញការចាក់វ៉ាក់សាំងដូសជម្រុញ ពិសេសបុគ្គលិកបម្រើការទាំងអស់ត្រូវតែចាក់វ៉ាក់សាំងតាមការកំណត់ទាំងដូសមូលដ្ឋាន និងដូសជម្រុញ ព្រមជាមួយការបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង SOP ឲ្យបានគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍៕