(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក អាស្សាអាត អាល់ហ្សាវ៉ារី ប្រតិភូតំណាងអង្គការបណ្តុះបណ្តាលវប្បធម៌ឥស្លាមគូវែត ដែលជាប្រភពម្ចាស់ ជំនួយរបស់សមាគមប្រភពល្អកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីលោក ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងលោក តហ៊ើរ អ៊ូម៉ើរ ប្រធានសមាគមប្រភពល្អកម្ពុជាផងដែរ។

នៅក្នុងជំនួបនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ លោក អាស្សាអាត អាល់ហ្សាវ៉ារី ប្រតិភូតំណាងអង្គការបណ្តុះបណ្តាលវប្បធម៌ឥស្លាមកូវ៉ែត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលបានផ្តល់ឱកាសនិងអនុញ្ញាតឲ្យរូបលោក ក៏ដូចជាថ្នាក់ដឹកនាំសមាគម បានចូលជួបសម្តែងការគួរសម និងសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលដឹកនាំសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់សិទ្ធិសេរីភាព លើជំនឿសាសនា និងការសម្រួលការអភិវឌ្ឍដោយអនុញ្ញាតឲ្យជំនួយបរទេសផងដែរ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ពិសេសគាំទ្រចំពោះសកម្មភាពការងារ និងសមិទ្ធផលជាច្រើនរបស់អង្គការបណ្តុះបណ្តាលវប្បធម៌ឥស្លាមគូវែត ដែលមានសមាគមប្រភពល្អកម្ពុជា ជាដៃគូរនៅកម្ពុជា ហើយបានលើកទឹកចិត្តឲ្យបន្តការងារនេះទៀត ដើម្បីជាការចូលរួមអភិវឌ្ឍជាតិជាមួយគ្នាតទៀត។

សូមជម្រាបថា លោក អាស្សាអាត អាល់ហ្សាវ៉ារី ប្រតិភូតំណាង អង្គការបណ្តុះបណ្តាលវប្បធម៌ឥស្លាមគូវែត បានកំពុងបំពេញទស្សនកិច្ចការងារនៅកម្ពុជាចំនួន១០ថ្ងៃ ក្នុងបំណងទស្សនកិច្ច និងពិនិត្យវឌ្ឍនភាព គម្រោងតាមខេត្តក្រុងនានា ដែលកំពុងបន្តអនុវត្តដោយសមាគមប្រភពល្អ ហើយអំឡុងពេលទស្សនកិច្ចនេះ លោកក៏បានចូលជួបសម្តែងការងារគួរសមជាមួយថ្នាក់ដឹកនាំតាមស្ថាប័នពាក់ព័ន្ធផងដែរ។

សមាគមប្រភពល្អបានបើកដំណើរការតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ដែលសមាគមបានសម្រេចស្នាដៃ និងសមិទ្ធផលនានាជាច្រើនស្កេកស្កះទូទាំងប្រទេសរួមមាន៖ វិហារសាសនា សូរ៉ាវ អណ្ដូងទឹក សាលារៀន មន្ទីរពេទ្យ មជ្ឈមណ្ឌលសម្រាប់សិស្សានុសិស្សសិក្សារៀនសូត្រស្នាក់នៅដោយឥតគិតថ្លៃ និងគម្រោងជាច្រើនផ្សេងទៀតដែលសមាគមប្រភពល្អសម្រេចបានយ៉ាងច្រើនស្កេកស្កះ និងគម្រោងនានាជាច្រើនផ្សេងទៀត ដែលសមាគមនឹងបន្តកសាងនៅឆ្នាំ២០២១នេះ ក៏ព្រោះតែប្រទេសជាតិមានសន្តិភាពទើបសមិទ្ធផលទាំងនេះអាចលេចចេញជារូបរាងបាន៕