(ភ្នំពេញ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែមករា បានជូនដំណឹង ផ្អាកចរាចរឆ្លងកាត់វិថីតេជោ «ទីលានតេជោ» ដោយសារមានការរៀបចំវេទិកាទេសចរណ៍អាស៊ាន លើកទី៤០។

រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រសួងទេសចរណ៍រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ដែលរួមមានកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ាន(NTO) និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ព្រមទាំងការតាំងពិព័រណ៏ទេសចរណ៍(Travex) នៅខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ស្ថិតនៅសណ្ឋាគារឆ្នេរសុខា និងទីលានតេជោ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព និងរក្សាបានសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ព្រមទាំងបងបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ នឹងផ្អាកការធ្វើចរាចរយានជំនិះគ្រប់ប្រភេទឆ្លងកាត់វិថីតេជោ (ទីលានតេជោ) ជាបណ្តោះអាសន្ន ចាប់ពីចំណុចត្រីកោណប្រសព្វព្រះស្កន្ទទ្រង់ក្ងោក(ជិតកន្ទុយនាគឆ្នេរសុខា) ដល់ចុងផ្លូវលេខ៥០២ (ផែទូកទេសចរណ៍៥០២) ចាប់ពីវេលាម៉ោង ៦៖០០នាទីព្រឹក ថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករាំ ឆ្នាំ២០២២។

«សូមយោគយល់អធ្យាស្រ័យចំពោះការបញ្ចៀសធ្វើដំណើរ ឆ្លងកាត់តាមទីតាំង និងកាលបរិច្ឆេទខាងលើដោយក្ដីអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលខេត្តនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ»។ នេះបើតាមសេចក្តីជូនដំណឹង៕