(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអបអរសាទរ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ ក្រុមហ៊ុន សូណាត្រា គ្រុប ដែលបានបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យ អចលនទ្រព្យ, សំណង់, ហិរញ្ញប្បទាន, គណនេយ្យ-សវនកម្ម និងភោជនីយដ្ឋានជប៉ុន ព្រមទាំងការវិនិយោគមួយចំនួនទៀត ក្នុងមូលដ្ឋាន រាជធានីភ្នំពេញ។

លោកចាត់ទុកថា នេះពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យ ថ្មីមួយទៀតរបស់កម្ពុជា ក្នុងការទាក់ទាញ ការវិនិយោគទាំងក្នុង និងក្រៅប្រទេស មកបណ្តាក់ទុន ធ្វើអាជីវកម្មនៅកម្ពុជា កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្នុងពិធីបើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការនូវគម្រោងលំនៅឋាន របស់បុរីសូណាត្រា ដែលមានទីតាំង ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នាថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២ លោក ឃួង ស្រេង បញ្ជាក់ថា គម្រោងអភិវឌ្ឍន៍លំនៅឋាន របស់បុរីសូណាត នឹងក្លាយជា ជម្រើសថ្មីបន្ថែមទៀត សម្រាប់បំពេញតម្រូវការទីផ្សារអចលនទ្រព្យ ជូនដល់ពាណិជ្ជករ ធុរជន វិនិយោគិន ជនបរទេស ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋខ្មែរ ស្របពេលដែល ប្រទេសជាតិយើង បានបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញលើគ្រប់វិស័យ។

បច្ចុប្បន្ន វិស័យអចលនទ្រព្យ គឺជាជន្ទល់ដ៏សំខាន់មួយ នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ម្ល៉ោះហើយ ការសម្រេចចិត្តវិនិយោគក្នុងវិស័យសំណង់លំនៅឋាន និងពាណិជ្ជកម្ម ពិតជាមានតម្រូវការក្នុងអត្រាខ្ពស់ និងនៅមានភាពទូលំទូលាយដើម្បី គាំទ្រដល់ការលូតលាស់ផ្នែកអចលនទ្រព្យ និងដើម្បីបង្កើនភាពធន់ របស់វិស័យឯកជន ឱ្យកាន់តែរឹងមាំ និងប្រសើរឡើង។

លោកអភិបាលរាជធានីភ្នំពេញ បានអះអាងថា ក្នុងរយៈពេល ០២ទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ច រីកចម្រើនជឿនលឿនជាងគេ នៅលើពិភពលោក ដោយសម្រាប់ប្រជាជនកម្ពុជាម្នាក់ៗ (GDP per Capita) ពីប្រមាណ ៧៣៨ដុល្លារ នៅឆ្នាំ២០០៨ និងកំពុងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជាជាប្រទេស មានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានអំពាវនាវ យ៉ាងទទូចដល់បុគ្គលិក កម្មករ-និយោជិត ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ មេត្តារូសរាន់អញ្ជើញទៅចាក់ វ៉ាក់សាំង ឬ នាំយកបុត្រធីតារបស់លោកអ្នកដែលមានអាយុចាប់ពី ៥ ឆ្នាំ ឡើងទៅ ឱ្យទៅទទួលវាំកំសាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងទាំងដូសជំរុញ ឱ្យបានទាន់ពេលវេលា និងគ្រប់ៗគ្នា។

លោកឧកញ៉ា ស៊ន សុខណា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនសូណាត្រា គ្រុប បានលើកឡើងថា ការបើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការ គម្រោងលំនៅឋាននេះ ជាការបង្ហាញពីជ្រុងមួយនៃការរីកចំរើនរបស់កម្ពុជា។

លោកឧកញ៉ាបន្តថា អាជ្ញាធររាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងណាស់ក្នុងការទប់ស្កាត់កូវីដ-១៩ រហូតបានបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលបានធ្វើឲ្យក្រុមហ៊ុនរបស់លោកអាច បើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការនាថ្ងៃនេះ។

ក្នុងឱកាសនោះដែរ លោកឧកញ៉ាក៏បានថ្លែងកោតសរសើរចំពោះការដឹកនាំរាជធានីភ្នំពេញរបស់លោក ឃួង ស្រេង មានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះមានវិស័យសំណង់និងអចលនទ្រព្យ៕