(ព្រៃវែង)៖ ដោយអនុវត្តតាមសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ ក្រុមការងារចុះជួយឃុំត្របែកស្រុកកំចាយមារ ខេត្តព្រៃវែង បានរៀបចំសន្និបាតបូកសរុបវាយតម្លៃលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយអភិវឌ្ឍន៍ឃុំត្របែកអាណត្តិទី៤ ឆ្នាំ២០១៧-២០២២ និងដាក់ចេញនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាអភិវឌ្ឍន៍ឃុំត្របែក អាណត្តិទី៥ ឆ្នាំ២០២២ -២០២៧។

ពិធីបើកសន្និបាតគនេះ ស្ថិតក្រោមអធិបតីភាពលោក ស៊ិន រដ្ឋា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង អមដំណើរដោយលោក លោកស្រីជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្របែក សមាជិកគណៈកម្មាធិការគណបក្សខេត្តគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សស្រុក ឃុំ ចលនាស្ត្រីឃុំ ប្រធាន អនុប្រធានសាខាបក្សភូមិ ប្រធានក្រុមបក្ស ចំនួន ១៥៥នាក់។

លោក សុិន រដ្ឋា បានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែនឹករលឹកដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងយកចិត្តទុកដាក់ដោះស្រាយទុក្ខលំបាករបស់សមាជិកបក្សនៅទូទាំងប្រទេស។

លោកបានបន្ថែមថា សន្និបាតថ្ងៃនេះ គឺអនុវត្តតាមសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ជាមួយគ្នានេះ លោក សុិន រដ្ឋា ក៏បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលគណបក្សឃុំរួមគ្នាសម្រេចបាននាពេលកន្លងមក និងក៏បានធ្វើការណែនាំទៅ លើផែនការសកម្មភាពការងារ ដែលត្រូវអនុវត្តបន្ត ព្រមទាំងលើកឡើងឆ្លុះបញ្ចាំងពីចំណុចខ្លាំង និងខ្សោយ និងបទពិសោធន៍ សំដៅឈានទៅទទួលបានជោគជ័យនាអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខផងដែរ។

លោកបានក្រើនររំលឹកដល់សមាជិកបក្សនិងក្រុមបក្សទូទាំងឃុំ ត្រូវបន្តធ្វើបច្ចុប្បន្នភាព បញ្ជីក្រុមឱ្យបានច្បាស់លាស់ និងបន្តរក្សាឱ្យ បាននូវចលនារបស់បក្ស ក្នុងមូលដ្ឋានដែលធ្លាប់ ធ្វើសកម្មភាពជាប្រចាំកន្លងមកដោយនិរន្តភាព ព្រមទាំងបន្តពង្រីកនូវសមាជិកថ្មី និងធ្វើសកម្ម ភាពឆ្ពោះទៅមូលដ្ឋាន សំដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋប្រកបដោយភាពទទួលខុសត្រូវខ្ពស់ពិសេសទាក់ទាញនូវទំនុកចិត្តលើការដឹកនាំអភិវឌ្ឍន៍ប្រទេសរបស់គណបក្សដែលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលអនាគត។

នៅក្នុងពិធីនេះផងដែរ ប្រធានក្រុមការងារចុះជួយឃុំត្របែក ក៏បានឧបត្ថម្ភដល់សមាជិក សមាជិកាគណបក្ស និងប្រជាការពារ កងកម្លាំងចំនួន១៧៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀលផងដែរ៕