(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញចែកអំណោយរបស់មន្ទីរ សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដល់គ្រួសារចំនួន៣៥០គ្រួសារ ដែលរងគ្រោះដោយគ្រោះធម្មជាតិ និងខ្យល់កន្ត្រាក់កាលពីកន្លងទៅ នៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

នាឱកាសនោះដែរ លោក ងួន រតនៈ បានលើកឡើងថា ដោយមានការខិតខំប្រឹងប្រែងការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានយកចិត្តទុកដាក់ខ្ពស់បំផុតអំពីជីវភាពរស់នៅ និងទុក្ខលំបាកនានារបស់ពួកគាត់ ដែលត្រូវបានជួបបញ្ហាលំបាកក្នុងការរកទទួលទាន ចិញ្ចឹមជីវិតរបស់ពួកគាត់។

អភិបាលខេត្តក៏បានរលឹកដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើបញ្ហាកូវីដ១៩ ដែលតែងតែបំប្លែងខ្លួនជារឿយៗ ហើយត្រូវទៅចាក់វ៉ាក់សាំងដូសជំរុញបង្ការមេរោគឱ្យបានគ្រប់ៗគ្នាពិសេសមេរោគបំប្លែងថ្មីអូមីក្រុង ដែលកំពុងតែមានវត្តមាននៅលើសកលលោក និងព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះ ប្រជាពលរដ្ឋទាំងអស់គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវតីសម្បទា និងថ្នាក់ដឹកនាំខេត្តដែលបានដោះស្រាយរាល់ទុក្ខលំបាករបស់ពួកគាត់បណ្តាលមកពីគ្រោះធម្មជាតិ និងសូមបានជួបប្រទះតែមហាពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ជាក់ផងដែរថា គ្រួសារដែលជីវភាពក្រីក្រទាំង ៣៥០គ្រួសារទទួលបាននូវអង្ករ២៥គីឡូក្រាម ទឹកស៊ីអុីវ១យួរ ទឹកត្រី១យួរ ត្រីខ ១យួរ ភួយ១៕