(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី បានឯកភាពគ្នាឱ្យរដ្ឋមន្រ្តីការបរទេសអាស៊ាន បន្តប្រជុំពិនិត្យការងារបន្តទៀតរបស់អាស៊ាន ជាពិសេសការងាររបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដែលត្រូវសម្របសម្រួលដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។

លោកបានបញ្ជាក់ថា «ពាក់ព័ន្ធនឹងដំណើរការថាតើបន្តទៀតយើងធ្វើយ៉ាងម៉េចជាមួយគ្នានេះ គឺមានការផ្លាស់ប្តូរមតិគ្នារវាង សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តម លី ស៊ានឡុង។ ហើយជាចុងក្រោយដែលសំខាន់នេះ គឺឯកឧត្តម លី ស៊ានឡុង ក៏បានឯកភាព ហើយសម្តេចតេជោ ក៏បានឯកភាពដែរថា "ការងារបន្តគឺទុកឱ្យរដ្ឋមន្រ្តីការបរទេសអាស៊ានមានការប្រជុំ ដើម្បីពិនិត្យមើលការងារបន្តទៀត ជាពិសេសការងាររបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាននេះ ដែលក្នុងស្ថានភាពកាលៈទេសៈនេះ ដែលតម្រូវឱ្យជួយដល់មីយ៉ាន់ម៉ា ដើម្បីដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ានេះ»

ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងជំនួបតាមប្រព័ន្ធវីដេអូអនឡាញរវាង សម្តេចតេជោ ហ៊ុន សែន និងលោក លី ស៊ានឡុង នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

ការឯកភាពបន្តកិច្ចប្រជុំនេះ បានធ្វើឡើងក្រោយពេល កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) ដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី ១៨-១៩ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប ត្រូវបានលើកទៅធ្វើនាពេលក្រោយវិញ។ ការលើកពេលនេះ ដោយមូលហេតុ រដ្ឋមន្ត្រីការបរទេសអាស៊ានជាច្រើនរូប មានការលំបាកក្នុងការធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំខាងលើ។

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) គឺជាកិច្ចប្រជុំមួយ ក្នុងចំណោមកិច្ចប្រជុំសំខាន់ៗ ចំនួន៤ ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២នេះ មុនពេលដែលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៥៥ (55 AMM Retreat and Related Meetings) ដែលធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា, កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) ដែលត្រូវធ្វើឡើងនៅខែវិច្ឆិកា, និងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ (40th & 41th ASEAN Summits) ដែលគ្រោងធ្វើឡើង នៅខែវិច្ឆិកា ដូចគ្នាដែរនោះ។

លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូន លោកនាយករដ្ឋមន្រ្តីសិង្ហបុរី អំពីលទ្ធផល និងគោលបំណងនៃទស្សនកិច្ចការងារនៅប្រទេសមីយ៉ាន់ម៉ាកន្លងទៅនេះ ដែលគោលបំណងរបស់សម្តេចគឺជួយសម្រួលដល់វិបត្តិនៅមីយ៉ាន់ម៉ា ជាពិសេសធ្វើយ៉ាងណាឱ្យមានបទឈប់បាញ់ជាបន្ទាន់ បញ្ឈប់អំពើហិង្សា និងការផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា រួមទាំងជំរុញឱ្យមានកិច្ចសន្ទនានៅក្នុងនេះផងដែរ ដែលជាការងារចាំបាច់ក្នុងនាមជាប្រធានអាស៊ាន ក្រៅពីកិច្ចការងារទ្វេភាគីរវាងកម្ពុជា និងមីយ៉ាន់ម៉ា។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តីសិង្ហបុរី បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានជម្រាបជូនលោកអំពីលទ្ធផល នៃដំណើរទស្សនកិច្ចទៅកាន់ទីក្រុងណៃពិដោរ ហើយពិតជាអរគុណផងដែរចំពោះគោលបំណងរបស់ប្រទេសកម្ពុជាក្នុងការចូលរួមចំណែកដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ានេះ។ លោកបានបញ្ជាក់ថា យើងពិតជាគាំទ្រនូវការខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាជាពិសេសតួនាទីប្រធានអាស៊ាននៅពេលនេះ រួមទាំងការងាររបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាននេះ៕