(បន្ទាយមានជ័យ)៖ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្នុងការបិទផ្សាយជា សាធារណៈនូវឯកសារ នៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធក្នុងភូមិ១ និងភូមិចក ដែលមានក្បាលដី ៣,២៥៧ក្បាលដី ក្នុងរយៈពេល១៥ថ្ងៃ ទុកឲ្យម្ចាស់ដី មកពិនិត្យផ្ទៀងផ្ទាត់ និងធ្វើការកែតម្រូវ ដោយមានការចូលរួមពី លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ស្ថិតក្នុងបវរិវេវត្តស្វាយចាស់ ក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។

ជាមួយគ្នានេះដែរ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងលោក មុំ ប៉ុណ្ណា ចៅសង្កាត់ព្រះពន្លាក្រុមការងារ ចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ និងប្រជាពលរដ្ឋម្ចាស់ដី ២ភូមិ។

លោក អាង ណារិទ្ធ បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីនិងនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ មានដំណាក់កាល ៥យ៉ាង ទើបអាចចេញប្លង់រឹងឲ្យបាន រួមមាន៖

*១៖ ត្រៀមរៀបចំ គឺជាការកំណត់ធ្វើការវិនិច្ឆ័យការបង្កើតគណៈកម្មាធិការរដ្ឋបាល ជូនដំណឹងកិច្ចប្រជុំនឹងដំណើរការ ផ្សព្វ ផ្សាយពីការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ
*២៖ ប្រតិបត្តិការបច្ចេកទេសចុះវាស់វែងនិងធ្វើការវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី
*៣៖ បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី ដែលមានរយៈពេល១៥ថ្ងៃ ដើម្បីទុកលទ្ធភាព ឲ្យម្ចាស់ដីនិងអ្នកដែលពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ ឈ្មោះនិង ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានដំណីរការខុសឆ្គង។ ផុតរយៈពេលកំណត់នៃការបោះផ្សាយបងប្អូនប្រជាពលរដ្ឋមិន អាចជំទាស់បន្តបានទៀតឡើយ។ លើសពីនេះទៀត ពេលកំពុងប្រារព្ធធ្វើពិធីបិទផ្សាយ នូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ភូមិ១ និងភូមិចក ដែលមានរយៈពេល១៥ថ្ងៃនេះ ទុកឲ្យបងប្អូនពិនិត្យ និងតែតម្រូវ។
*៤៖ សម្រេចលើឯកសារវិនិច្ឆ័យបាយរការណ៍ ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យរបស់ គណៈកម្មាធិការរដ្ឋបាល ជូនអភិបាលខេត្តដើម្បីពិនិត្យ និងសម្រេចលើការផ្ដល់សិទ្ធិចំពោះក្បាលដីណាដែលមិនទាន់ មានទំនាស់។
*៥៖ ចុះបញ្ជីចេញបណ្ណ និងចែកបណ្ណជូនម្ចាស់ដី ភូមិ១ និងភូមិចក នៅសល់២ដំណាក់កាលទៀតអាចចេញ និងចែកបណ្ណជូនបងប្អូនប្រជាពលរដ្ឋបានហើយ។

ក្នុងនោះផងដែរ លោក អ៊ុ រាត្រី បានបន្ដថា ការបិទការផ្សាយនៃទិន្នន័យក្បាលដីក្នុងភូមិ១ និងចកនោះ មានចំនួន ៣,២៥៧ក្បាលដី ក្នុងសង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដីភូមិ១ មានក្បាលដី១,៨១១ក្បាលដី និងភូមិចកមានកបាលដី១,៤៤៦ក្បាលដី ក្នុងនោះ មានដីលំនៅដ្ឋាន ដីកសិកម្ម ដីអាងទឹក ដីទំនាស់ និងដីគ្មានទិន្នន័យ។

ជាងនេះទៅទៀត លោក អ៊ុ រាត្រី បានឲ្យដឹងថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះ មានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ រាប់បញ្ចូលទាំងថ្ងៃឈប់សម្រាកផងដែរ។ ក្នុងពេល១៥ថ្ងៃនេះ ជាពេលវេលាកំណត់ចុងក្រោយ សម្រាប់អ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធ មកពិនិត្យទិន្នន័យ ដើម្បីបញ្ជាក់ថា ទិន្នន័យក្បាលដី របស់លោកអ្នក លោកស្រី ពិតជាត្រឹមត្រូវ រឺអត់។

សូមបញ្ជាក់ដែរថា ប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយដូចជា៖ ចុះឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត អាយុភេទ ទំហំដី និងប្រភេទទ្រព្យជាដើមនោះ ម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវក្នុងកំឡុងពេល១៥នេះ ក្រោយពីការបិទផ្សាយនេះ ចប់ជាស្ថាពរអ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធទាំងអស់ មិនអាចតវ៉ាបានទៀតឡើយ។

បន្ថែមពីនេះទៀត អាស្រ័យហេតុនេះ ក្រោយពេល១៥ ថ្ងៃនៃការបិទផ្សាយត្រូវបានបញ្ចប់ក្រុមការងារ ដែលប្រចាំការនៅទីនោះ សូមធ្វើការសហការ ជាមួយអាជ្ញាធរដែនដី ជាពិសេសលោកមេភូមិសូមជូនដំណឹងដល់ប្រជាពលរដ្ឋ បើពិនិត្យទិន្នន័យក្បាលដីឲ្យបានគ្រប់គ្នា៕