(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) បានសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ក្រោមការសម្របសម្រួលនីតិវិធីពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ កន្លងទៅ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងមជ្ឈមណ្ឌលកែសម្ផស្សផ្ការំដួល ស្ថិតនៅអគារ One Park ផ្លូវលេខ០៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជាលទ្ធផលកម្លាំងសមត្ថកិច្ចជំនាញ បានសម្រេចឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ បញ្ជូនទៅកាន់តុលាការ និងដកហូតវត្ថុតាងមួយចំនួនធំ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងក្រោយ មានពាក្យបណ្តឹងរបស់ក្រុមជនរងគ្រោះ ដែលបានកែសម្ផស្សរបស់ពួកគេមិនមានគុណភាព និងអាចប៉ះពាល់ដល់អាយុជីវិតទៀត ខណៈទីតាំងបើកអាជីវកម្មក៏មិនមានច្បាប់ទម្លាប់ត្រឹមត្រូវផងដែរ។

តាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា ពេលចុះបង្ក្រាបនោះកម្លាំងសមត្ថកិច្ចបានរកឃើញ៖

*ទី១៖ គ្រូពេទ្យជាជនជាតិចិន ដែលកំពុងបម្រើការងារផ្នែកវេជ្ជសាស្រ្តនៅក្នុងមជ្ឈមណ្ឌលកែសម្ផស្សផ្ការំដួល សុទ្ធតែជាគ្រូពេទ្យដែលពុំមានការទទួលស្គាល់ពីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
*ទី២៖ គ្រូពេទ្យជាអ្នកបច្ចេកទេសបានបង្ករបួស ដោយចេតនាដល់ជនរងគ្រោះជាច្រើននាក់ដោយបានបំពានលើកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ។
*ទី៣៖ នាំចូល ស្តុកទុក ប្រើប្រាស់ ផលិតផលឱសថ (ឱសថក្លែងក្លាយ) និងឧបករណ៍សម្ភារបរិក្ខាពេទ្យពុំមានចុះលេខប្រវេទន៍ ឬលេខបញ្ជិកាពីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
៤៖ ស្តុកទុក និងប្រើប្រាស់ឱសថគ្មានគុណភាព(ហួសសុពលភាព ឬក្លែងក្លាយ)ប្រើប្រាស់។

សេចក្តីប្រកាសបានបន្តទៀតថា ដោយឃើញថាទីតាំងខុសច្បាប់នេះមានកំហុស និងមិនអនុលោមតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជអាជ្ញាសម្រេចឲ្យផ្អាកអាជីវកម្មជាបណ្តោះអាសន្ន និងបានកសាងសំណុំរឿងបញ្ជូន ជនសង្ស័យចំនួន៤រូប (ក្រុមគ្រូពេទ្យ ជនជាតិចិន) ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប។ ចំពោះជនដែលពាក់ព័ន្ធផ្សេងទៀត សមត្ថកិច្ចនឹងបន្តស្រាវជ្រាវ និងស្វែងរក ដើម្បីចាប់មកផ្តន្ទាទោសតាមច្បាប់។
ព្រឹត្តិការណ៍នេះជាការបង្ក្រាបទីតាំងមជ្ឈមណ្ឌលកែសម្ផស្សដ៏ធំជាលើកទី២ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។

«យើងសង្កេតឃើញថា មានជនខិលខូចមួយចំនួនកំពុងបើកអាជីវកម្មខាងផ្នែកកែសម្ផស្ស ដែលមិនបានគោរពតាមច្បាប់របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឲ្យប្រជាពលរដ្ឋ ដែលទៅទទួលសេវាគ្មានគុណភាពរងការប៉ះពាល់ដល់សុខភាព និងគ្មានសុវត្ថិភាពដល់អាយុជីវិតផងដែរ គណៈកម្មាធិការនឹងបន្តតាមដានស្រាវជ្រាវលើកិច្ចការនេះបន្ថែមទៀត ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់ការតាមនីតិវិធីច្បាប់»។ នេះជាការបញ្ជាក់បន្ថែមរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយ (គ.ប.ផ.ក.) បន្តអនុវត្តការងារឲ្យមានប្រសិទ្ធិភាពខ្ពស់ ដូចមានខាងក្រោម៖

*ទី១៖ បន្តអនុវត្តប្រកាសរួម រវាងក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥។
*ទី២៖ បន្តស្រាវជ្រាវស៊ើបអង្កេត និងជនប្រព្រឹត្តបទឧក្រិដ្ឋឱសថសាស្ត្រ និងវេជ្ជសាស្ត្រខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។
*ទី៣៖ សហការជាមួយក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចនានា ដើម្បីចុះផ្សព្វផ្សាយអប់រំណែនាំដល់បណ្តាសេវាសុខាភិបាល អោយគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
*ទី៤៖ បន្តធ្វើសកម្មភាព និងប្រតិបត្តិការ ដើម្បីសន្តិសុខសុវត្ថិភាពសុខាភិបាល សុខភាពសាធារណៈ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា៕