(ស្ទឹងត្រែង)៖ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ បានដឹកនាំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង, លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាព អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ កងកំលាំងប្រដាប់អាវុធ ទាំង៣ប្រភេទ។

នាឱកាសនោះលោក ផៃ ប៊ុនឈឿន បានបញ្ជាក់ថា ក្នុងឆ្នាំកន្លងមកនេះក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានខិតខំយកចិត្តទុកដាក់អនុវត្តនូវ តួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការជម្រុញនិងលើកកម្ពស់ការទទួលខុសត្រូវលើការងារផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋាន ក្នុងនោះក៏បានជម្រុញឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅចូលរួមដោះស្រាយបញ្ហា ប្រឈម សំណូមពរ និងគាំទ្រជម្រុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិ កាលទី៦ នៃរដ្ឋសភា ឱ្យកាន់តែមានប្រសិទ្ធភាព។

លោក ផៃ ប៊ុនឈឿន ក៏បានណែនាំដល់អង្គប្រជុំទាំងអស់ ខិតខំពង្រឹងនិងជម្រុញឱ្យមានកិច្ចសហការចូលរួមពីកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដោយបន្តរួមគ្នាយ៉ាងសកម្មក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើលនានា ក្នុងភូមិសាស្ត្រខេត្តឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

លោក ស្វាយ សំអ៊ាង បានលើកដែរថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីលើកទិសដៅការងារ សម្រាប់អនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង
ក្នុងគោលបំណងដើម្បីបម្រើផលប្រយោជន៍រួម លើកិច្ចការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះ លោក ស្វាយ សំអ៊ាង ក៏បានប្តេជ្ញាជំរុញការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់ការងារកសិកម្ម ការងារបង្កបង្កើនផល និងជំរុញការដោះស្រាយ សំណូមពររបស់ប្រជាពលរដ្ឋ ទប់ស្កាត់រាល់ភាពអសកម្មទាំងឡាយនៅក្នុងមូលដ្ឋាន ដែលធ្វើឱ្យប៉ះពាល់ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល និងសតិអារម្មណ៍ របស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះនឹងពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងបន្តជំរុញការផ្សព្វផ្សាយស្តីពីវិធាន ការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅតាមសហគមន៍ឱ្យមានប្រសិទ្ធភាពខ្ពស់៕