(កណ្ដាល)៖ លោក ចៅ តុល អនុប្រធានទី២អចិន្ត្រៃយ៍ចុះជួយស្រុកកោះធំ បានលើកឡើងថា ៥០០ឆ្នាំមកហើយ កម្ពុជាមិនដែលមានសន្តិភាពទេ ប៉ុន្តែមកដល់សម័យតេជោ ហ៊ុន សែន ប្រទេសកម្ពុជាមានឯកភាពជាតិតែមួយ ក្រោមដំបូលតែមួយ។

លោក ចៅ តុល បានថ្លែងយ៉ាងដូច្នេះនៅក្នុងសន្និបាតគណៈកម្មាធិការបក្សឃុំព្រែកថ្មី ស្រុកកោះធំ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីលោក-លោកស្រីគណៈពង្រឹងយុវជន និងសមាជិកជាច្រើននាក់ផ្សេងទៀត។

លោក ចៅ តុល បានបញ្ជាក់ថា គោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំកម្ពុជាពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍ មានសុខសន្តិភាព មានការឯកភាពជាតិ និងបន្តដំណើរឆ្ពោះទៅកាន់ការអភិវឌ្ឍ ការរីកចម្រើន ដូច្នេះមន្ត្រីមូលដ្ឋានទាំងអស់គ្នាត្រូវចូលរួមផ្សព្វផ្សាយពីទង្វើល្អរបស់គណបក្សប្រជាជនកម្ពុជាឲ្យរឹតតែខ្លាំងឡើង ហើយខ្លួនឯងផ្ទាល់ក៏ត្រូវតែធ្វើល្អបម្រើប្រជាពលរដ្ឋឲ្យរឹតតែល្អប្រសើរឡើង ព្រោះការបោះឆ្នោតឃុំសង្កាត់ ខិតជិតចូលមកដល់ហើយ។

លោក ចៅ តុល បន្ថែមថា នៅស្រុកកោះធំនេះមានមន្ទីរពេទ្យទំនើបមួយបាននិងកំពុងតែសាងសង់ឡើង គឺមន្ទីរពេទ្យតេជោដែលជាមន្ទីរពេទ្យត្រូវបានសាងសង់ឡើងក្នុងរង្វង់ទឹកប្រាក់ជាង១១លានដុល្លារ ដែលនេះសបញ្ជាក់ឲ្យឃើញ អំពីការរីកចម្រើន និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះប្រជាពលរដ្ឋទូទាំងស្រុកកោះធំ និងស្រុកផ្សេងៗទៀតនៅជុំវិញ ដើម្បីបានជួយដល់សុខភាពរបស់ប្រជាពលរដ្ឋ ដែលមានជំងឺដង្កាត់មករកសេវាព្យាបាល នៅក្នុងមន្ទីរពេទ្យនេះ ខណៈដែលមន្ទីរពេទ្យតេជោនេះគឺបំពាក់ទៅដោយឧបករណ៍ទំនើបៗមានធនធានមនុស្សមានជំនាញពិតប្រាកដ និងមានស្តង់ដារត្រឹមត្រូវ។

លោក ចៅ តុល ក៏បានលើកឡើងអំពីការចូលរួមរបស់យុវជនគណបក្សប្រជាជនកម្ពុជា ក្នុងការចុះដៃជួយដល់សង្គមឃើញមានការផុសផុលខ្លាំងណាស់ ដែលនេះសបញ្ជាក់ឲ្យឃើញអំពីការស្រឡាញ់ពេញចិត្ត ពីសំណាក់ក្រុមយុវជន ទាំងអស់ មកចំពោះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់មានសមត្ថភាពក្នុងការដឹកនាំប្រទេសកម្ពុជាឱ្យមានសុខសន្តិភាព មានការរីកចម្រើន និងមានការអភិវឌ្ឍតទៅមុខជាលំដាប់ ហើយក្នុងនោះបេក្ខភាពអនាគត នាយករដ្ឋមន្ត្រី គឺលោក ហ៊ុន ម៉ាណែត ក៏ត្រូវបានក្រុមយុវជនទាំងអស់មានការគាំទ្រភ្លូកទឹកភ្លូកដី ព្រមទាំងពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ៕