(ព្រះសីហនុ)៖ ដើម្បីចូលរួមអបអរសាទរ ការរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំបាញ់កាំជ្រួចចំនួន២លើក គឺនៅយប់ថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ការរៀបចំបាញ់កាំជ្រួចនេះដើម្បីជាការចូលរួមអបអរសាទរ ដែលរាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមឱ្យក្រសួងទេសចរណ៍ រៀបចំវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ ឆ្នាំ២០២២។

វេទិកាទេសចរណ៍អាស៊ាននេះមាន កិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ាន (NTO), កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន និងការតាំងពិព័រណ៍ទេសចរណ៍ (Travex) នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។

បើតាមសេចក្តីជូនដំណឹង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាទេសចរណ៍ អាស៊ានឆ្នាំ២០២២ ព្រមទាំងមានការចូលរួមដោយផ្ទាល់ ពីថ្នាក់ដឹកនាំជាន់ខ្ពស់ រាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា-រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អង្គទូតនានា និងរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នទេសចរណ៍ជាតិអាស៊ាន ព្រមទាំងក្រុមហ៊ុនជាតិ-អន្តរជាតិជាច្រើនផងដែរ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ៖