(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យ លោក Jackes PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបនេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ លោកឯកអគ្គរដ្ឋទូតថ្មី ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ចាត់តាំងមកបំពេញការទូតនៅកម្ពុជា។

ជាគ្នានេះដែរ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលបារាំង ដែលតែងតែផ្តល់នូវការគាំទ្រទាំងថវិកា និងការ កសាងធនធានមនុស្ស លើវិស័យសុខាភិបាលដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មន្ទីរពេទ្យកាល់ម៉ែត្រ និងការងារប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍។

ជាការឆ្លើយតបក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតបារាំង បានថ្លែងអំណរគុណដល់លោករដ្ឋមន្តី និងមន្ត្រីសុខាភិបាលទាំងអស់ ដែលតែងតែផ្តល់នូវកិច្ចសហការយ៉ាងល្អជាមួយដៃគូរបស់ប្រទេសបារាំង។

បន្ថែមពីនេះទៀត លោកឯកអគ្គរដ្ឋទូតបារាំង ក៏បានសម្តែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ឲដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃកម្ពុជា ដែលបានដឹកនាំ គ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ អាចឱ្យបើកដំណើរ ការប្រទេសបានឡើងវិញ៕