(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាឡឺម៉ង់ (GIZ) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ «ធុរកិច្ចសុចរិត គឺការពារអ្នកប្រើប្រាស់»

សិក្ខាសាលានេះបានធ្វើឡើងក្រោមវត្តមានលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. សមាជិក និងជាលេខាធិការនៃគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ ជាតំណាងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់។ សិក្ខាសាលានេះ ក៏មានការចូលរួមសម្របសម្រួល ដោយការិយាល័យមេធាវី សេដ្ឋាល័យ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ភ្នំពេញ។

សិក្ខាសាលាពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការ រវាងអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារសហប្រតិបត្តិការអាឡឺម៉ង់ (GIZ) ក្រោមគម្រោង «កិច្ចការពារ អ្នកប្រើប្រាស់ ក្នុងតំបន់អាស៊ាន (PROTECT)»

សិក្ខាសាលា ពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណងស្វែងរកធាតុចូល ពីភាគីពាក់ព័ន្ធលើសេចក្តីព្រាង ឯកសារគិតយុត្ត ចំនួនបួន ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ដែលមានដូចជា៖

ទី១៖ សេចក្តីព្រាងកម្មវិធីថ្នាក់ជាតិ ស្តីពីកិច្ចការអ្នកប្រើប្រាស់ (National Consumer Protection Program)
ទី២៖ សេចក្តីព្រាងប្រកាសស្តីពីកិច្ចសន្យាមិនសុចរិត (Unfair Contract Clause)
ទី៣៖ សេចក្តីព្រាងប្រកាសស្តីពីការកំណត់អំឡុងពេលនៃការប្រើប្រាស់ (Cooling-Off Period)
និងទី៤៖ គោលការណ៍ណែនាំស្តីពីគម្រោងលក់បែបពីរ៉ាមីដ (Pyramid Selling Scheme) និងការលក់បែបទីផ្សារពហុកម្រិត (Multi-Leveling Marketing)

ឆ្លៀតក្នុងឱកាសនេះ លោក ផាន អូន បានលើកឡើងថា សិក្ខាសាលាពិគ្រោះយោបល់ ដ៏មានសារសំខាន់មួយនេះនឹងប្រមូលធាតុចូលសំខាន់ៗ ក្នុងការកសាងឯកសារ គតិយុត្តទាំងបួន ពីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីទទួលបាននូវធាតុចូលថ្មីៗ បន្ថែមទៀត ក្នុងន័យជំរុញឱ្យសេចក្តីព្រាង នៃឯកសារទាំង៤ មានលក្ខណៈកាន់តែល្អប្រសើរឡើង សំដៅធ្វើយ៉ាងណាឱ្យអ្នកប្រើប្រាស់ និងធុរជនធ្វើសកម្មភាព ជាមួយគ្នាប្រកបដោយទំនុកចិត្ត និងមានការទទួលខុសត្រូវ រួមចំណែកដល់ការកសាងសង្គមយើង ឱ្យមានសុខដុមនីយកម្ម និងមានការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព៕