(ភ្នំពេញ)៖ ស្លាកយីហោតូច-ធំចំនួន៥ផ្ទាំង និងផើងផ្កាចំនួន៧ទីតាំងផ្សេងទៀត ដែលដាក់តាំងរំលោភលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ បណ្ដាលមកពីក្រុមអាជីវករយកធ្វើអាជីវកម្មផ្ទាល់ខ្លួន ជាមួយមែកឈើបាក់ជ្រុះធ្លាក់រប៉ាត់រប៉ាយ ធ្វើឱ្យបាត់បង់ចិញ្ចើមផ្លូវ និងបាត់បង់សោភ័ណ្ឌភាព ចាប់ពីស្តុបកាំកូស៊ីធីមកដល់ត្រឹមមុខឃ្លាំងលក់រថយន្ដលីហួ តាមបណ្ដោយផ្លូវលេខ៥៩៨ (ផ្លូវជាសុផារ៉ា) ក្នុងខណ្ឌឫស្សីកែវ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ត្រូវបានកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ សម្រេចកាត់យក និងរឹបអូសមករក្សាទុកបណ្ដោះអាសន្ន។ ការងារនេះដឹកនាំបញ្ជាផ្ទាល់របស់លោកអភិបាលខណ្ឌ ឯក ឃុនដឿន។

លោក ឯក ឃុនដឿន បានដាក់បទបញ្ជាឱ្យកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមផ្លូវ៥៩៨ ចាប់ពីស្តុបកាំកូស៊ីធីមកដល់ត្រឹមមុខឃ្លាំងលក់រថយន្ដលីហួរ ដោយមិនអនុញ្ញាតឱ្យបងប្អូនអាជីវកររំលោភយកចិញ្ចើមផ្លូវ មកធ្វើអជីវកម្មផ្ទាល់ខ្លួន ដើម្បីរំដោះយកចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋនេះ។

ក្រុមការងារ បានសម្រេចកាត់យកស្លាកយីហោធំៗចំនួន២ទីតាំង រឹបអូសស្លាកយីហោតូចៗ ដាក់តាមចិញ្ចើមផ្លូវចំនួន៣ទីតាំង និងដកហូតផើងផ្កាចំនួន៧ទីតាំងផ្សេងទៀត ហើយនឹងកាត់សម្អាតមែកឈើ ដែលបាក់ជ្រុះធ្លាក់ រប៉ាត់រប៉ាយមកលើចិញ្ចើមផ្លូវផងដែរ។

សូមបញ្ជាក់ថា ប្រតិបត្តិការនេះ បានកើតមានឡើងក្រោយពីអាជ្ញាធរបានធ្វើការណែនាំជាច្រើនលើក ច្រើនសារមកហើយ និងធ្វើការណែនាំដល់ម្ចាស់ហាង ម្ចាស់ឃ្លាំងនិមួយៗឲ្យរៀបចំធ្វើអនាមយ័ បានសមរម្យនៅតាមខាងមុខទីតាំងអាជីវកម្មរៀងខ្លួន ប៉ុន្តែពួកគេមិនស្តាប់៕