(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវចូលរួមជំរុញការអប់រំផ្សព្វផ្សាយដល់កម្មករនិយោជិតឱ្យបានដឹងអំពីភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសជំរុញ និងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។

សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវជំរុញការអប់រំផ្សព្វផ្សាយដល់កម្មករនិយោជិតជ្រាប អំពីភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសជំរុញ និងត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ រៀបចំការចាក់វ៉ាក់សាំងដូសជំរុញដល់កម្មករនិយោជិតរបស់ខ្លួននៅតាមទីតាំង រោងចក្រ សហគ្រាស ឬអនុញ្ញាតឱ្យកម្មករនិយោជិតបានទៅចាក់វ៉ាក់សាំងដូសជំរុញ នៅតាមទីតាំងដែលបានកំណត់ ព្រមទាំងផ្តល់នូវការឈប់សម្រាក ១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករនិយោជិតត្រូវចាក់វ៉ាក់សាំងដូសជំរុញ។

ក្រសួងសូមជម្រាបដែរថា ម្ចាស់ ឬនាយករោងចក្រសហគ្រាស ត្រូវបំពេញព័ត៌មាននៃការចាក់វ៉ាក់សាំងដូសទី១ ទី២ និងដូសជំរុញនានារបស់កម្មករនិយោជិតខ្លួន ទៅក្នុងរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធ ស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រ https://sicms.mlvt.gov.kh ផងដែរ។ ដូច្នេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវតែជំរុញបងប្អូនកម្មករនិយោជិតឱ្យទៅចាក់វ៉ាក់សាំងតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖