(កណ្ដាល)៖ បុរសខ្មែរឥស្លាមមួយរូប ដែលរងគ្រោះដោយសារថៅកែហាងស្ដេចពពែដុតមិនព្រមទូទាត់ថវិការគ្រប់ចំនួន បានស្នើសុំលោក ទូច ទី នាយ នគរបាលប៉ុស្តិ៍កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មេត្តាជួយរកដំណោះស្រាយ ក្រោយថៅកែហាងយីហោស្ដេចពពែដុត មិនព្រមទូទាត់ថវិកាថ្លៃជំពាក់មកឲ្យខ្លួន បើទោះបីជាខ្លួនស្នើសុំសងបណ្ដាក់ៗយ៉ាងណាក្ដី។

ក្នុងពាក្យបណ្ដឹងមួយរបស់ជនរងគ្រោះឈ្មោះ ម៉ាត់ រីតា បានផ្ញើរមកកាន់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ ជនរងគ្រោះ បានស្នើសុំអន្តរាគមន៍ពីសំណាក់លោក ទូច ទី មេប៉ុស្តិ៍កាកាបទី១ ជួយដោះស្រាយ ដែលថៅកែហាងមិនព្រមសងលុយដែលបានទិញពីជនរងគ្រោះ។

បើតាមលោក ម៉ាត់ រីតា បានថ្លែងថា ថៅកែហាងស្ដេចពពែដុតនេះ បានកុម្មង់សត្វពពែរបស់គាត់ជាបន្តបន្ទាប់តាំងពីខែសីហា ឆ្នាំ២០២១មក រហូតមកដល់បច្ចុប្បន្ន ប៉ុន្តែថៅកែហាងរូបនេះបានសងត្រឹមតែថវិកាបន្តិចបន្តួចប៉ុណ្ណោះ។ ថវិកាដែលនៅសេសសល់ចំនួនជិត៣ពាន់ដុល្លារ លោកថៅកែមិនព្រមទូទាត់សងថវិកាគាត់ឡើយ រហូតដល់គាត់ព្យាយាមជួបជាច្រើនលើកច្រើនសារ ប៉ុន្តែថៅកែរូបនេះមិនព្រមសងថវិកាឡើយ ដូច្នេះទើបគាត់សម្រេចចិត្តស្នើសុំលោកមេប៉ុស្តិ៍កាកាបទី១ ជួយអន្តរាគមន៍រកយុត្តិធម៌ផង។

លោកសង្ឃឹមយ៉ាងមុតមាំថា លោកមេប៉ុស្តិ៍ នឹងរកយុត្តិធម៌ជូនខ្លួនដោយក្ដីអនុគ្រោះផង ព្រោះលោកក៏ជំពាក់ថវិកាគេបន្តដែរ គ្មានប្រាក់សងលុយគេទេ ដោយរកស៊ីចំណេញក្បាលកាក់បន្តិចបន្តួចប៉ុណ្ណោះ ហើយម្ចាស់បំណុល មកទារស្ទើរជារៀងរាល់ថ្ងៃ។ ដូច្នេះលោកសង្ឃឹមថា ថៅកែហាងស្ដេចពពែដុត នឹងយល់ព្រមសងថវិកាមកលោក ដើម្បីដោះស្រាយបញ្ហា និងបង្កភាពងាយស្រួលក្នុងការរកស៊ីជាមួយគ្នាតទៅមុខទៀត។

ចំពោះបញ្ហានេះ នាយប៉ុស្តិ៍នគរបាលសង្កាត់កាកាបទី១ បានឲ្យដឹងថា លោកនឹងកោះហៅថៅកែហាងស្ដេចពពែដុតនេះ មកដោះស្រាយជាមួយជនរងគ្រោះឆាប់ៗនេះ៕