(ភ្នំពេញ)៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ សម្ដែងការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលក្នុងឆ្នាំ២០២១ កន្លងមកនេះ បានពុះពារជំនះរាល់ការលំបាក ទាំងការទប់ស្កាត់ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ប្រែក្លាយរាជធានីភ្នំពេញ ពីគ្រោះអាសន្នមកកាន់ភាពកក់ក្តៅ ភាពញញឹម ដូចសព្វថ្ងៃ ជាមួយនឹងការដោះស្រាយ និងសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ដែលបង្កមកពីទឹកជំនន់ ដោះស្រាយការកកស្ទះសំរាម ក្នុងពេលដែលក្រុមហ៊ុន ស៊ីនទ្រី មានបញ្ហា ហើយអ្វីដែលកាន់តែល្អថែមទៀតនោះ គឺការរៀបចំសណ្តាប់ធ្នាប់បានយ៉ាងល្អ ទៅលើបែរចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ លើផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ។

ការកោតសរសើរបែបនេះរបស់លោក ម៉ប់ សារិន បានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឃួង ស្រេង អភិបាលរាជាធានីភ្នំពេញ ព្រមទាំងមន្ត្រីរាជការចំណុះឱ្យសាលារាជធានីភ្នំពេញ យ៉ាងច្រើនផងដែរ។

នាឱកាសនោះ លោក ម៉ប់ សារិន បានលើកឡើងថា៖ «ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ លោកសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដឹកនាំមន្ទីរសុខាភិបាល មន្ទីរអង្គភាពនានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសហការជាមួយកងកម្លាំងប្រដាប់អាវុធ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រែក្លាយរាជធានីភ្នំពេញ ពីគ្រោះអាសន្ន មកកាន់ភាពកក់ក្តៅ ភាពញញឹមដូចសព្វថ្ងៃនេះ។

លទ្ធផលនេះ បានឆ្លុះបញ្ចាំងអំពីការលះបង់ខ្ពស់ និងសាមគ្គីភាពក្រោមការដឹកនាំដ៏ឈ្លាងវៃរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កន្លងមកនេះ បានចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំឡើងទៅបាន៨០,៩៣% នៃគោលដៅ១,៤១២,៧៦៩នាក់»។

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានវាយតម្លៃថា មន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ និងអាជ្ញាធរចាប់ពីថ្នាក់រាជធានី រហូតដល់មូលដ្ឋាន បានខិតខំប្រឹងប្រែងពេញមួយឆ្នាំ ក្នុងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញ ឱ្យបានល្អប្រសើរ និងខិតខំពុះពារជំនះរាល់ ការលំបាកដែលបង្កឱ្យជំងឺកូវីដ១៩ ដោះស្រាយសង្គ្រោះប្រជាពលរដ្ឋ បានទាន់ពេលវេលា ដែលបង្កពីទឹកជំនន់ និងដោះស្រាយការកកស្ទះសំរាម ក្នុងពេលដែលក្រុមហ៊ុន ស៊ីនទ្រី មានបញ្ហាទៀត។

បន្ថែមពីលើនេះ លោកបានបញ្ជាក់ថា «រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធបានយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់បានល្អ ទៅលើបែរចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឆ្នាំ២០២១នេះ បានយ៉ាងល្អប្រសើរ»។

លោក ម៉ប់ សារិន បានបន្តថា ចំពោះការងារបរិស្ថាន និងអនាម័យ និងការគ្រប់គ្រងសំណល់ ក្រោយពេលមានក្រុមហ៊ុន ចំនួន០៣ ទទួលអនុវត្តប្រមូល និងដឹកសំរាមមក ឃើញថា មានការ ថយចុះបរិមាណ សំរាមជាងការដឹករបស់ក្រុមហ៊ុនស៊ិនទ្រីកន្លងមក (ជាង ៣ពាន់តោន មកនៅជាង ២,៨១១តោន ក្នុង១ថ្ងៃ) ឯទីតាំងប្រមូលសំរាមកើនឡើង។ ដោយឡែកការចុះត្រួតពិនិត្យការបំពុលបរិស្ថាន (ក្លិន ផ្សែង សំឡេង) បានបង្ហាញទីតាំង បានច្រើន និងលទ្ធផល ដែលចុះត្រួតពិនិត្យបានកំណត់ច្បាស់លាស់បានល្អ។ ការចុះសហប្រតិបត្តិការតាមខណ្ឌធ្វើបានល្អ អំពីការតាមដានទីតាំងសំណល់ធ្វើឱ្យការដឹកជញ្ជូនមិនមានការកកស្ទះ និងបានលប់បំបាត់ដេប៉ូសំរាមរ៉ាំរ៉ៃ ដែលមានកន្លងមក ពោលគឺការប្រមូល និងដឹកសំរាមក្នុងទីក្រុង អនុវត្តបានជោគជ័យ និងមិនមានការកកស្ទះសំរាម។

ក្នុងកិច្ចប្រជុំនោះដែរ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានប្រកាសតែងតាំងសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញថ្មីម្នាក់ គឺលោក ម៉ម ម៉ាលី ជំនួសលោកស្រី ឃួន គឹមនី លេខរៀងទី៦ ដែលទទួលមរណៈភាព៕