(ភ្នំពេញ)៖ រដ្ឋាភិបាលចិន បានផ្តល់ថ្នាំព្យាបាលជំងឺកូវីដ១៩ ចំនួន ២៣១កេស សរុបតម្លៃ ២លានយ័ន ជូនគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន អនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នេះបើយោងតាមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការព្យាបាលអ្នកកើតជំងឺកូវីដ-១៩ ក៏ដូចជាការផ្ដល់វ៉ាក់សាំងរាប់លានដូសកន្លងមក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ដែលទទួលបានជោគជ័យក្នុងការទប់ស្កាត់កូវីដ-១៩ ដោយការណែនាំផ្ទាល់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចផ្ដល់ថ្នាំព្យាបាលជំងឺកូវីដ-១៩ ចំនួន ២៣១កេស ទម្ងន់ ១១២៥គីឡូក្រាម មានតម្លៃ ២លានយ័ន ជូនគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន អនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីព្យាបាលអ្នកដែលកើតជំងឺកូវីដ-១៩ បច្ចុប្បន្ននៅកម្ពុជា»

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សហប្រធានគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលខាងកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន តាមរយៈលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ដែលបានផ្តល់ថ្នាំព្យាបាលជំងឺកូវីដ១៩ ទាំងអស់នេះ។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានញ្ជាក់ថា លោកនឹងប្រគល់ថ្នាំទាំងអស់នេះ ជូនក្រសួងសុខាភិបាលដើម្បីព្យាបាលពលរដ្ឋយើង ដែលកំពុងព្យាបាលកូវីដ១៩ នៅទូទាំងប្រទេស៕