(ភ្នំពេញ)៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងលោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូរ ជាមួយព្រះតេជគុណ តៅ ចៀន ព្រះចៅអធិការវត្តហ័រយាន និងគណៈប្រតិភូខេត្តឆុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការផ្លាស់ប្តូរវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើម «ផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ»

កិច្ចប្រជុំនេះមានការចូលរួមពីលោក ងួន ស្តេចភក្តី អនុរដ្ឋលេខាធិការ នៃក្រសួងធម្មការ និងកិច្ចការសាសនា និងគណៈប្រតិភូខេត្តឆុងឈីង នៃសាធារណរដ្ឋ ប្រជាមានិតចិន រួមមាន៖ លោក យ៉ាង គ័ងស៊ុន នាយករងនៃមជ្ឈមណ្ឌល ផ្លាស់ប្តូរវប្បធម៌អន្តរជាតិ លោក ចាំង ធៀនទូ នាយកគណៈកម្មាធិការកិច្ចការសាសនានិងស៊ីវិល និងលោក យីន លាំង អគ្គលេខាធិការនៃមូលនិធិអប់រំនិងវប្បធម៌ហ័រយាន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីទំនាក់ទំនងដែកថែប និងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ដែលបានកសាងនូវចំណងការទូតជាប្រវត្តិសាស្រ្តដោយ ព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងលោកប្រធាន ម៉ៅ សេទុង នៅឆ្នាំ១៩៥៨ និងក្រោយមក ក្រោមទស្សនវិស័យរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងប្រធានាធិបតី ស៊ី ជីនពីន បានពង្រឹងនិងពង្រីកនូវចំណងមិត្តភាពនេះ ឲ្យកាន់តែស៊ីជម្រៅ កាន់តែជិតស្និទ្ធ កាន់តែរឹងមាំ ដើម្បីបម្រើឲ្យផលប្រយោជន៍នៃប្រជាជន និងប្រជាជាតិទាំងពីរ។

លោកទេសរដ្ឋមន្រ្តី លី ធុជ បន្តទៀតថា គំនិតផ្តួចផ្តើម «ផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ» របស់មិត្តចិន គឺជាគម្រោងដ៏អស្ចារ្យមួយ និងជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការ ជំរុញឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និងសាកល ភាវូនីយកម្មក្នុងតំបន់ និងពិភពលោក កាន់តែខ្លាំងក្លា និងល្អប្រសើរឡើង ក្នុងនោះកម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើនពីមហាមិត្តចិន ក្នុងការអនុវត្តគម្រោងនេះតាមរយៈការតភ្ជាប់នៃទំនាក់ទំនងវប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការកសាងហេដ្ឋា រចនាសម្ព័ន្ធ ជាពិសេសផ្សាភ្ជាប់រវាងប្រជាជន និងប្រជាជន។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលតែងតែផ្តល់នូវការគាំទ្រដល់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យទេសចរណ៍នៅកម្ពុជាជាពិសេសការ ចូលរួមកសាងនូវជីវិតថ្មី ក្តីសង្ឃឹមថ្មី និងអនាគតថ្មីសម្រាប់ប្រទេស និងប្រជាជនកម្ពុជា។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្រ្តី បានសម្តែងភាពក្រៀមក្រំ និងការសោកស្តាយចំពោះការបាត់បង់អាយុជីវិត និងរងរបួសរបស់ប្រជាពលរដ្ឋខេត្តឆុងឈីង ដែលបានរងគ្រោះដោយសារការបាក់រលំអគារ។

ព្រះតេជគុណ តៅ ចៀន និងគណៈប្រតិភូចិនខេត្តឆុងឈីង បានសម្តែងនូវការសប្បាយរីករាយ ចំពោះកិច្ចសហប្រតិបត្តិការ យ៉ាងជិត ស្និទ្ធ រវាងប្រជាជនទាំងពីរ ក៏ដូចជា ការកសាងនិងពង្រឹងទំនាក់ទំនង ផ្នែកព្រះពុទ្ធសាសនារវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះគណៈប្រតិភូចិនខេត្តឆុងឈីង បានសន្យាបន្តជួយដល់កម្ពុជា ក្នុងការចូលរួម បណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍ ដោយសហការជាមួយគណៈកម្មាធិការជាតិអេស្កាប់។

ភាគីទាំងពីរ ក៏បានឯកភាពបន្តពង្រឹង និងលើកកម្ពស់លើការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក សម្រាប់វិស័យអប់រំ សេដ្ឋកិច្ច សង្គម វប្បធម៌ និងសាសនា ក្រោមគំនិតផ្តួចផ្តើម «ផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ» បន្ទាប់ពីបញ្ចប់ការរីករាលដាលជំងឺកូវីដ១៩ ផងដែរ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ក្នុងនាមគណៈកម្មាធិការជាតិអេស្កាប់ លោកទេសរដ្ឋមន្រ្តី បានធ្វើការទំនាក់ទំនងជាមួយគណៈកម្មាធិការអប់រំខេត្តឆុងឈីង ដើម្បីស្នើសុំ អាហារូបករណ៍សម្រាប់ផ្តល់ជូនមន្រ្តីរាជការ យុវជនកម្ពុជា ព្រមទាំងបានបញ្ជូនមន្រ្តីរាជការ និងយុវជនកម្ពុជា ចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពី E-commerce ដែលប្រព្រឹត្តិទៅនៅសាលា Chongqing Creation Vocational College ខេត្តឆុងឈីងដោយផ្ទាល់ ហើយខែមេសា ឆ្នាំ២០២២ ខាងមុននេះគឺជាវគ្គទី២ ដែលគ្រោងនឹងរៀប ចំឡើងតាមរយៈប្រព័ន្ធវីដេអូរ៕