(កណ្ដាល)៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជំរុញឲ្យមន្ត្រីអប់រំទាំងអស់ អនុវត្តន៍ឲ្យមានប្រសិទ្ធភាពចំពោះគន្លងប្រក្រតីភាពថ្មី ក្នុងវិស័យអប់រំនៅតាមបណ្ដាសាលារៀនទាំងអស់ ទូទាំងខេត្តកណ្ដាល ពិសេសដើរលើគន្លងវិធានការការពារការឆ្លងជំងឺកូវីដ១៩ឲ្យមានប្រសិទ្ធភាព ដោយដាក់ឧបករណ៍ពាក់ព័ន្ធឲ្យបានគ្រប់ចំនួននៅតាមគ្រប់សាលារៀនទាំងអស់។

លោកអភិបាលខេត្តបានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីបើកបវសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ដែលការអញ្ជើញពីលោក-លោកស្រីអភិបាលរងខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើនអ្នកផងដែរ។

លោកអភិបាលខេត្ត បានបញ្ជាក់ត្រង់ចំណុច «គន្លងប្រក្រតីភាពថ្មី ក្នុងវិស័យអប់រំ» មានន័យថា សូមគិតគូរអំពីជម្រើស និងអភិវឌ្ឍធនធានបង្រៀន និងរៀនឱ្យបានច្រើនសម្បូរបែប ដើម្បីធានាផ្តល់សេវាអប់រំ ដែលមានភាពឆ្លើយតប និងរស់រវើក ជាពិសេសដំណើរការបង្រៀន និងរៀនដែលមានភាពទន់ភ្លន់ និងតាមទម្រង់នៃវិមជ្ឈការ និងវិសហមជ្ឈការនៃសេវាអប់រំ។

ជាងនេះទៀត គ្រប់គ្រឹះស្ថានសិក្សា បន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ១៩ ដោយអនុវត្ត តាមអភិក្រម «៣កុំ និង៣ការពារ» ជាពិសេសសូមមានវិធានការឆ្លើយតបនិងចូលរួមទប់ស្កាត់ភ្លាមៗ ដើម្បីការពារកុំឱ្យមានការ ឆ្លងកូវីដ១៩ នៅក្នុងគ្រឹះស្ថានសិក្សា រួមទាំងបង្កើនការអប់រំអំពី សុវត្ថិភាពសុខភាពសិក្សា ការរក្សាគម្លាតសុវត្ថិភាព និងសុវត្ថិភាពចំណីអាហារដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ព្រមទាំងត្រូវយកចិត្តទុកដាក់ក្នុងការគាំទ្រ សុខភាពផ្លូវចិត្តនិងផ្លូវកាយរបស់ សិស្សានុសិស្ស ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ឬប្រយោលពីជំងឺកូវីដ-១៩។

មិនតែប៉ុណ្ណោះ លោកអភិបាលខេត្តកណ្ដាល បានអបអរសាទរ និងសោមនស្សរីករាយក្រៃលែង ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ក្មួយៗសិស្សានុសិស្ស ទាំងអស់គ្រប់ភូមិសិក្សា ដែលកំពុងអបអរសាទរការបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅទូទាំងខេត្តកណ្ដាល។

ជាមួយគ្នានេះដែរអភិបាលខេត្ត បានថ្លែងអំណរគុណដ៏ស្មោះចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មាតាបិតា អាណាព្យាបាល សប្បុរសជន គណៈគ្រប់គ្រងគ្រឹះស្ថាន សិក្សា ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់ បែបយ៉ាង ប្រកបដោយស្មារតីសាមគ្គីភាព ភក្តីភាព និងមុះមុត ក្នុងការឧបត្ថម្ភគាំទ្រ និងធានាផ្ដល់នូវការរៀនសូត្រតាមគ្រប់រូបភាពដល់សិស្សានុសិស្ស ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អស់រយៈពេលជិត ២ឆ្នាំកន្លងមកនេះ។

គួរជម្រាបថា ក្នុងការដឹកនាំរបស់លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល ឃើញថាមានភាពល្អប្រសើរជាងមុន មានការរីកចំរើន ការអប់រំហាក់មានភាពរស់រវើកឡើងៗ ហើយគុណភាពក៍រឹតតែល្អប្រសើរឡើងជាលំដាប់ផងដែរ។

គួរបញ្ជាក់ថា គ្រឹះស្ថានអប់រំរបស់រដ្ឋរាប់ចាប់ពីសាលាមត្តេយ្យដល់ថ្នាក់វិទ្យាល័យមានចំនួនជិត៤០០។ នេះបើគិតតែពីចាស់ពោលគឺឆ្នាំ២០២១។ សំរាប់ឆ្នាំ២០២២ នៅមិនទាន់សរុបរបាយការណ៍ជាក់លាក់នៅឡើយទេ ប៉ុន្តែមានការកើនឡើងបន្តិចបន្តួចនៅតាមតំបន់ជាក់ស្ដែង៕