(ភ្នំពេញ)៖ ប្រទេសចិន បានសម្តែងការកោតសរសើរខ្លាំង​ចំពោះប្រទេសកម្ពុជា ដែលរក្សា​បាននូវជំហរ​អព្យាក្រឹត្យ និងយុត្តិធម៌ ទៅលើបញ្ហាអន្តរជាតិ ជាពិសេសក្នុងជម្លោះ​សមុទ្រចិនខាងត្បូង រវាងប្រទេសជា​មួយបណ្តា​ប្រទេស​សមាជិកអាស៊ាន ៤ផ្សេងទៀត។

ក្នុងសន្និសីទព័ត៌មានបន្ទាប់ពីជំនួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ លោក វ៉ាង យី រដ្ឋមន្រ្តីក្រសួងការបរទេសចិន បានថ្លែងថា ជម្លោះសមុទ្រចិនខាងត្បូង ប្រទេសចិន និងកម្ពុជា មានជំហរដូចគ្នាក្នុងការដោះស្រាយបញ្ហា ដោយគោរពគោលការណ៍សន្តិវិធី និងគោរពទៅ​តាមច្បាប់​​​អន្តរជាតិ ហើយក៏ទទូចឲ្យអង្គការអន្តរជាតិនានា គោរពនូវអធិប​តេយ្យភាពនៃប្រទេសនីមួយៗ ក៏ដូចជាវិធីដោះស្រាយ​បញ្ហារបស់ប្រទេស​ដែលមានជម្លោះ។

ពាក់ព័ន្ធជម្លោះដែនសមុទ្រចិនខាងត្បូងនេះ លោក វ៉ាង យី បានថ្លែងកោតសរសើរដល់ប្រទេសកម្ពុជា ដែលបានរក្សាជំហរយុត្តិធម៌ និងអព្យាក្រឹត្យ ដោយមិនជ្រៀងជ្រែកការងារប្រទេស មានជម្លោះ និងជំរុញឲ្យដោះស្រាយដោយសន្តិវិធី។ លោក វ៉ាង យី បានថ្លែងយ៉ាងដូច្នេះ «ខ្ញុំសូមកោតសរសើរដ៏ខ្ពង់ខ្ពស់ដល់ភាគីកម្ពុជា តែងតែប្រាកាន់យុត្តិធម៌ ទៅលើបញ្ហាអន្តរជាតិ ដូចជាបញ្ហា​សមុទ្រ​ចិនខាងត្បូង។ ខ្ញុំសូមអរគុណកម្ពុជា ដែលតែងតែយោគយល់ និងគាំទ្រប្រជា​ជាតិរបស់យើងខ្ញុំ ហើយប្រកាន់ខ្ជាប់នូវជំហររបស់ខ្លួនដ៏ត្រឹមត្រូវ។ ខ្ញុំជឿជាក់ថា កម្ពុជា នឹងទទួលបាន​ការកោតសរសើរ​កាន់តែច្រើន និង ពង្រឹងការជឿទុកចិត្តគ្នា»

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានគូសបង្ហាញនូវជំហររបស់កម្ពុជាទៅលើបញ្ហាសមុទ្រចិនខាងត្បូងដែរថា កម្ពុជានៅតែជំរុញឲ្យប្រទេសមានជម្លោះគោរព និង អនុវត្តន៍នូវសេចក្តីថ្លែងការណ៍ DOC ដែលចេញដោយប្រទេសកម្ពុជា កាលពីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំ២០០២។

បើតាមលោក ប្រាក់ សុខុន ជំហរកម្ពុជា នៅតែអំពាវនាវឲ្យភាគីជម្លោះទាំងអស់ដោះស្រាយគ្នាដោយសន្តិវិធី ពិគ្រោះ និង ចរចា ស្របតាមច្បាប់អន្តរជាតិ។

ជម្លោះដែនសមុទ្រចិនខាងត្បូង រវាងប្រទេសចិន ជាមួយប្រទេសសមាជិកអាស៊ាន រួមមាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង ព្រុយណេ បានបន្តអូសបន្លាយ និងរ៉ាំរ៉ៃជាច្រើនទសវត្សរ៍មកហើយ ក្នុងការដណ្តើមយកដែនទឹក និងប្រជុំកោះមួយចំនួន។

ពាក់ព័ន្ធជម្លោះនេះ លោក វ៉ាង យី រដ្ឋមន្រ្តីក្រសួងការបរទេសចិន បានថ្លែងថា ចិន មិនបានរំលោភដែនអធិបតេយ្យភាពរបស់ប្រទេសណាមួយនោះឡើយ ហើយខ្លួននៅតែគោរព​ប្រទេសមានជម្លោះ​ទាំងអស់ឲ្យចូលរួម​ចរចាគ្នា ដោះស្រាយបញ្ហាដោយសន្តិវិធី និងគ្មានការជ្រៀតជ្រែកពីប្រទេសដទៃ៕