(ពោធិ៍សាត់)៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ បានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកក្រគរ ដឹកនាំដោយលោកវរសេនីយ៍ទោ ញឹម នី បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្រុមចោរចំនួន៤នាក់ ជាប់ពាក់ព័ន្ធនឹងករណីលួចក្របីចំនួន៤ក្បាល នៅវេលាម៉ោង៤៖៤៥នាទីល្ងាច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នៅក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ទោ ញឹម នី មេបញ្ជាការរងទទួលផែនយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងព្រឹកនេះថា កម្លាំងរបស់លោកបានចុះបង្ក្រាបផ្ទាល់ ដោយឃាត់ខ្លួនជនសង្ស័យ៤នាក់ ដែលត្រៀមនឹងយកក្របីឡើងឡាន នៅចំណុចភូមិឃុំខាងលើទៅលក់។

ដោយជនសង្ស័យទាំង៤នាក់ គឺ ១-ឈ្មោះ ប៉ែន ណន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិក្រាំងវែង ឃុំអន្សាចំបក់ ស្រុកក្រគរ ២-ឈ្មោះ គា តូ (ហៅកាក់តូ) ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិបន្ទាយត្រោក ឃុំស្រែស្តុក ស្រុកកណ្តៀង ៣-ឈ្មោះសេង សាលិន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិចុងខ្លុង ឃុំអូរសណ្តាន់ ស្រុកក្រគរ និង ៤-ឈ្មោះ ឈឹម សុភា ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិចុងខ្លុង ឃុំអូរសណ្តាន់ ស្រុកក្រគរ ជាមួយវត្ថុតាងរួមមាន រថយន្តកាម៉ារីសេរ៉ីឆ្នាំ១៩៩៣ ព័ណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 2A-0467, ម៉ូតូសង់កូរ៉េ១គ្រឿង និងក្របី៤ក្បាល ។

ជាចុងក្រោយលោក ញឹម​ នី បានបន្តថាជនសង្ស័យទាំង៤នាក់ កំពុងធ្វើការសាងសួរ និងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។ ដោយឡែកក្របីចំនួន៤ក្បាល ត្រូវបានប្រគល់ម្ចាស់ដើមវិញ តាមការស្នើសុំ ពីឈ្មោះ១-ឡោះ សាឡេស ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ២-ឡី រ៉ូសាត ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលទាំង ២នាក់នេះបានបាត់ក្របីជាង ២ថ្ងៃមកហើយ៕