(ភ្នំពេញ)៖ បទល្មើសព្រៃឈើ ជាបទល្មើស ដែលកងម្លាំងអគ្គស្នងការនគរបាលជាតិ បង្រ្កាបបានច្រើនជាងគេ នៅក្នុងឆ្នាំ២០១៥ កន្លងមកនេះ ក្នុងចំណោមបទល្មើស ១០ប្រភេទរួមមាន បទល្មើសព្រៃឈើ បទល្មើសជលផល បទល្មើសកម្មសិទ្ធបញ្ញា បទល្មើសជូញដូរ សត្វព្រៃ បទល្មើសទំនិញខូចគុណភាព និងទំនិញគេចពន្ធ បទល្មើសឱសថ និងសេវាសុខាភិបាល បទល្មើសក្លែងបន្លំប្រាក់ និងលក់ផលិតផលក្លែងក្លាយ បទល្មើសផលិត ដឹកជញ្ចូន ចរាចរ តម្លើងរថយន្ត និងចែកចាយ ផលិតផលបទល្មើសធនធានរ៉ែ និងបទល្មើស នៃការងារសហប្រតិបត្តិការ ជាដើម។

កងកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្រ្កាប បទល្មើសព្រៃឈើ បានចំនួន១៤២លើក ដកហូតឈើចំរុះគ្រប់ប្រភេទ បានចំនួន ៦២២៤០៧ម៉ែត្រគុណ ឈើមិនទាន់វាស់វែងគិតជាគីឡូបានចំនួន៥៥៧៣ និងឈើប្រភេទដុំ ជ្រុង កំណាត់គ្រប់ប្រភេទ ដែលមិនទាន់ វាស់វែងបានចំនួន ៦៤០០កំណាត់ព្រមទាំង បានដកហូតមធ្យោបាយគ្រប់ប្រភេទ មាន រថយន្ត ចំនួន៧១គ្រឿង មធ្យោបាយដឹកជញ្ចូន កែច្នៃ៦៥គ្រឿង ឧបករណ៍អគ្គិសនីម៉ាស៊ីន អារជ្រៀកឈើ សម្ភារផ្សេងៗដែលបម្រើឲ្យសកម្មភាព បំផ្លាញឈើមួយចំនួនធំ។
នេះបើយោងតាមរបាយការណ៍បូកសរុប សភាពការណ៍ កិច្ចប្រតិបត្តិការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើស សេដ្ឋកិច្ចប្រចាំឆ្នាំ២០១៥ និងទិសដៅការងារសម្រាប់ ឆ្នាំ២០១៦។ របាយការណ៍នេះ បានបង្ហាញឲ្យដឹងនៅក្នុងពិធីសន្និបាត បូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការ បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើស សេដ្ឋកិច្ចប្រចាំឆ្នាំ២០១៥ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៦ ដែលត្រូវបាន ធ្វើឡើងក្រោមវត្តមានរបស់លោកឧត្តមសេនីយ៍ឯក អ៊ិត បូរ៉ា ប្រធាននាយករដ្ឋកណ្តាលប្រឆាំងបទល្មើសព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ឯក ចាន់ វណ្ណធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលប្រចាំឆ្នាំបទល្មើសសេដ្ឋកិច្ច សរុបចំនួន១៦០នាក់៕