(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងរៀបចំកិច្ចពិភាក្សាជាមួយ ក្រុមហ៊ុន Royal Railway ដែលទទួលបានសិទ្ធិ គ្រប់គ្រងផ្លូវដែកនៅកម្ពុជា ដើម្បីពិចារណា ការដាក់ឲ្យដំណើរការឡើងវិញ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវរថភ្លើង បន្ទាប់ពីដាក់ឲ្យ ដំណើរការ សាកល្បងរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់១៧ ខែមេសា ឆ្នាំ២០១៦រួចមក។

លោក លី បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានផ្លូវដែកកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់ Fresh News តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២២ ខែមេសសានេះថា ក្រោយពេលក្រុមហ៊ុន Royal Railway បានដំណើរការសាកល្បង ក្នុងខ្សែរថភ្លើងដឹកជញ្ជូនអ្នកដំណើរ ពីភ្នំពេញទៅព្រះសីហនុ រយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់១៧ខែមេសា រួចមកចាប់ពីថ្ងៃទី១៨ ខែមេសា រហូតមកដល់ពេលនេះ ក៏ក្រុមហ៊ុនបានផ្អាកដំណើរការវិញ។ ការសាកល្បងនេះក្រុមហ៊ុន និងក្រសួងបានរកឃើញថា មានប្រជាជនគាំទ្រច្រើន ប៉ុន្តែក៏មានចំណុចប្រឈមមួយចំនួនផងដែរ ដែលរួមមានអ្នកដំណើររអ៊ូ ពីការចំណាយពេលយូរ ក្នុងការធ្វើដំណើរ និងបញ្ហាមួយទៀត គ្រោះថ្នាក់ចរាចរណ៍តាមផ្លូវរថភ្លើង ដូចជាគ្រោះថ្នាក់ជាមួយរថយន្ត កិនមនុស្ស ជាដើម។  

លោក លី បូរិន បញ្ជាក់ទៀតថា បញ្ហាទាំងអស់នេះ ក្រសួង និងក្រុមហ៊ុន ក៏នឹងត្រូវជួបប្រជុំពិភាក្សាគ្នា ដើម្បីដោះស្រាយ និងពិចារណាថា តើត្រូវបន្តការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវដែក ឬយ៉ាងណា? ហើយប្រសិនបើដាក់ឲ្យដំណើរការវិញតើត្រូវដោះស្រាយបញ្ហាទាំងអស់នោះ យ៉ាងដូចម្តេច ដើម្បីឲ្យដំណើរដឹកជញ្ជូនអ្នកដំណើរបានល្អ។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញទៅខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។

ជាមួយគ្នានេះ នៅថ្ងៃទី២១មេសា ម្សិលមិញនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook សម្តេចថា ផ្លូវដែកកម្ពុជា ចាប់ផ្តើកដំណើរការឡើងវិញហើយ បន្ទាប់ពីគាំងសកម្មភាពជាង៣០ឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការស្តារឡើងវិញនូវបណ្តាញផ្លូវដែកកម្ពុជានេះ ដើម្បីជំរុញការដឹកជញ្ជូនគ្រប់រូបភាព និងសមាហរណកម្មផ្ទៃក្នុង ជាពិសេសដើម្បីធ្វើសមាហរណកម្មតំបន់ ដោយតភ្ជាប់បណ្ដាញផ្លូវដែកកម្ពុជា ទៅក្នុងគម្រោងផ្លូវដែក តំបន់អាស៊ាន។ ការចេញដំណើរផ្លូវរថភ្លើងនេះ បានក្លាយទៅជាប្រវត្តិសាស្រ្តថ្មី ក្រោយពេលខ្សែរថភ្លើងបានគាំងសកម្មភាព ជាង៣០ឆ្នាំមកនេះ។ ការរស់ឡើងវិញរបស់ផ្លូវដែកនេះ បានធ្វើឡើងក្រោយពេលដែលមានការជួយពីប្រទេសអូស្រ្តាលី ធនាគារអភិវឌ្ឍន៍អាស៊ី និងការចូលមកវិនិយោគរបស់ក្រុមហ៊ុន Royal Railway៕