(ភ្នំពេញ)៖ សហព័ន្ធកីឡាល្បុក្កតោកម្ពុជា ដែលមានលោក វ៉ាត់ ចំរើន ជាប្រធាន បានចុះអនុសារណៈយោគយល់គ្នា (MOU) ជាមួយលោក Nam Joong Woongg ប្រធានបណ្ឌិត​សភា​កីឡា​យុទ្ធសិល្ប៍នៃសាធារណរដ្ឋកូរ៉េ ដើម្បីបង្កើនការស្រាវជ្រាវ និងពន្លឿនការរៀបចំឯកសារ ក្នុងការដាក់បញ្ចូលកីឡាក្បាច់គុនបុរាណខ្មែរនេះ ទៅក្នុងបញ្ជីសម្បត្តិ បេតិកភ័ណ្ឌអរូបិយពិភពលោក គ្រាដែល​កម្ពុជា ព្យាយាមដាក់បញ្ចូល៣ឆ្នាំហើយ តែគ្មានលទ្ធផលអ្វីសោះ ។

បន្ទាប់ពីពិធីចុះ MOU បានបញ្ចប់កាលពីថ្ងៃទី២១ ខែមេសាម្សិលមិញ ដែលបានធ្វើឡើងនៅទីស្នាក់ការ NOCC អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា វ៉ាត់ ចំរើន បានថ្លែងប្រាប់​អ្នក​សារ​ព័ត៌មានថា «បណ្ឌិតសភាកីឡាយុទ្ធសិល្ប៍សាធារណរដ្ឋកូរ៉េ គឺជាស្ថាប័នមួយ ដែលមានតួនាទីសិក្សាស្រាវជ្រាវ ពីកីឡាប្រយុទ្ធបុរាណ ដែលមានវ័យចំណាស់ជាងគេ ដើម្បីចងក្រង​ឯកសារប្រវត្តិ សាស្ដ្រ ហើយបណ្ឌិតសភានេះ ក៏មានភារកិច្ចផ្លាស់វប្បធម៌គ្នាតាមរយៈក្បាច់គុននេះដែរ»

តាមរយៈការចុះអនុសារណៈយោគយល់គ្នានេះ លោកជឿជាក់ថា កម្ពុជានឹងបានទទួលផលប្រយោជន៍ជាច្រើន ព្រោះកម្ពុជាកំពុងតែមានគោលដៅដាក់បញ្ចូលកីឡាក្បាច់គុនល្បុក្កតោ ទៅជាសម្បត្​តិវប្បធម៌​អរូបិយរបស់ពិភពលោក ហើយលោកក៏មានជំនឿចិត្តថា គោលដៅនេះនឹងជោគជ័យផងដែរ ព្រោះបណ្ឌិតសភា គឺមានជំនាញក្នុងការរៀបចំ ឯកសារ ហើយក៏មានជំនាញ​ក្នុងការដាក់​បញ្ចូល​កីឡា​ក្បាច់គុនបុរាណ ទៅក្នុងបញ្ជីបេតិកភ័ណ្ឌអរូបិយពិភព លោកនេះផងដែរ ។

លើសពីនេះ ស្ថាប័នស្រាវជ្រាវកីឡាបុរាណដ៏ធំមួយនេះ នឹងជួយផ្សព្វផ្សាយពីក្បាច់គុនល្បុក្កតោកម្ពុជា ទៅក្នុងពិភព លោក ហើយនៅខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ បណ្ឌិតសភាកី​ឡា​យុទ្ធសិល្ប៍​សាធារណរដ្ឋកូរ៉េ នឹងអញ្ជើញកីឡា ល្បុក្កតោកម្ពុជា ទៅធ្វើបទបង្ហាញនៅក្នុងសន្និសីទអន្តរជាតិដ៏ធំមួយ ស្ដីពីក្បាច់គុនបុរាណ នៅសាធារណរដ្ឋកូរ៉េ  ដើម្បីបញ្ជាក់ពីប្រវត្តិពិត របស់កីឡាក្បាច់​គុនបុរាណ​ខ្មែរនេះទៀតផង ៕