(ភ្នំពេញ)៖​ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងសិក្សា ពីគម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី២ ភ្ជាប់ពីផ្លូវជាតិលេខ៥ (កប់ស្រូវ) ឆ្ពោះទៅកាន់ក្រុងតាខ្មៅ បញ្ចប់ត្រឹមផ្លូវជាតិលេខ២ ដើម្បីរំដោះចរាចរណ៍ របស់រថយន្តធុនធ្ងន់។

ការសិក្សាគម្រោងស្ថាបនា ផ្លូវក្រវាត់ក្រុងទី២នេះ ត្រូវបានបញ្ជាក់ក្នុងកិច្ចប្រជុំបន្ទាន់មួយ ដែលដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ពិភាក្សាបញ្ហាជាមួយសួនឧស្សាហកម្មវឌ្ឍនៈ លើគម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី២នេះ នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៦។

បើតាមប្រភពព័ត៌មានពី Facebook Page ផ្លូវការរបស់រដ្ឋបាលរាជធានី បានបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី២នេះ មានប្រវែងជាង១៦គីឡូម៉ែត្រ ចេញពីដើមទីនៅផ្លូវជាតិលេខ៥ (កប់ស្រូវ) កាត់តាមស្តុបផ្សារដីហុយ ឆ្ពោះទៅចោមចៅ ឆ្លងកាត់ខណ្ឌដង្កោ ឆ្ពោះទៅតាខ្មៅ ដោយបញ្ចប់នៅផ្លូវជាតិលេខ២ ដើម្បីរំដោះចរាចរណ៍ធុនធ្ងន់៕