(កាណាដា)៖ លោក ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារ ជាមួយលោក Peter Schiefke សមាជិកសភានិងជាជំនួយការផ្ទាល់ របស់នាយករដ្ឋមន្រ្តីកាណាដា ទទួលបន្ទុកការងារយុវជន និងលោក Peter McArthur អគ្គនាយកអគ្គនាយកដ្ឋានកិច្ចការ អាស៊ី នៃក្រសួងការបរទេសកាណាដា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា។ នេះបើតាមការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គម Facebook របស់លោក ហ៊ុន ម៉ាណែត កូនប្រុសរបស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីននៃកម្ពុជា។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ក្នុងកិច្ចពិភាក្សានោះ ខ្ញុំបានស្នើសុំឲ្យកាណាដាពិចារណាក្នុងការ៖ ១.ផ្តល់ទិដ្ឋកាការងារដល់ប្រជាជនខ្មែរ ដើម្បីឲ្យប្រជា ជនខ្មែរមានឱកាស បានមកធ្វើការនៅប្រទេសកាណាដាក្នុងរយៈពេលខ្លី និង ២.សុំឲ្យរដ្ឋភិបាលកាណាដាជួយ ពង្រីកការផ្តល់អាហារូបករណ៏ដល់និស្សិតខ្មែរដើម្បី បានមកសិក្សានៅប្រទេសកាណាដា»

គួរបញ្ជាក់ថា បន្ទាប់ពីបំពេញទស្សនកិច្ច ប្រកបដោយជោគជ័យ នៅលើទឹកដីសហរដ្ឋអាមេរិក ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុង ឱកាស ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗនៅតាមបណ្តារដ្ឋមួយចំនួនរួចមក លោក ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូបំពេញទស្សន កិច្ចនៅលើទឹកដីនៃប្រទេសកាណាដា ជាបន្តទៀតដើម្បីជួបជាមួយបងប្អូនប្រជាពលរដ្ឋ៕