(​ប៉េកាំង​)៖ ប្រទេស​ចិន កំពុងតែ​ខិត​ទៅ​កាន់តែ​ជិត​នៃ​ការកសាង​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ក្នុង ដែនសមុទ្រ​ចិន​ខាងត្បូង ដែល​ថ្ងៃ​ណា​មួយ​វា​នឹង​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​អភិវឌ្ឍន៍​គម្រោង​នានា របស់​ចិន នៅលើ​ដែនសមុទ្រ​ដែល​កំពុង​មាន​ជម្លោះ​នោះ​។ នេះ​បើ​តាម​ការចេញផ្សាយ​មុន​នេះ​បន្តិច ដោយ​សារព័ត៌មាន Channel News Asia នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២២ ខែ​មេសា ឆ្នាំ​២០១៦​។​

​ប្រទេស​ចិន​កន្លងមក ត្រូវបាន​បណ្តា​ប្រទេស​មួយចំនួន​នៅ​អាស៊ាន និង​សហរដ្ឋអាមេរិក​ផងដែរ ធ្វើ​ការរិះគន់ និង ចោទប្រកាន់ថា មហាអំណាច​លេខ​១ នៅ​អាស៊ី​មួយ​នេះ​កំពុងតែ​កសាង មូលដ្ឋាន​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង រួម​ទាំង​ព្រលានយន្តហោះ​ផងដែរ ក៏ប៉ុន្តែ​ទីក្រុង​ប៉េកាំ​ង​បាន​បកស្រាយ​ច្បាស់ៗ​តប​ទៅ​វិញ ថា​វា​ជា​ការកសាង​ដើម្បី​ផលប្រយោជន៍​របស់​មនុស្ស​ជាតិ​ប៉ុណ្ណោះ ជាពិសេស​គឺ​បង្គោល​ភ្លើង​ហ្វា​បង្ហាញផ្លូវ​។​

​គួរបញ្ជាក់​ថា​រោងចក្រ​នុយក្លេអ៊ែ​រ ដែល​ចិន​គ្រោង​ធ្វើ​ការសាងសង់​នោះ គឺជា​ប្រភេទ​រោងចក្រ​ចល័ត​នៅលើ​ផ្ទៃ​សមុទ្រ ដែល​ធ្វើការ​ចែកចាយ​ថាមពល ទៅ​គ្រប់​ទីកន្លែង​ប្រកបដោយ​ប្រសិទ្ធភាព​។ ក្រុមហ៊ុន China Shipbuilding Industry Corp ដែល​ទទួលខុស​សម្រាប់​គម្រោង​នេះ​បាន​អះអាងថា វា​កំពុងដំណើរការ​ទៅ​មុខ​ហើយ ដែល​ការសិក្សា​លម្អិត​នឹង​បញ្ចប់​នៅ​ឆ្នាំ ២០១៨៕​