(ភ្នំពេញ)៖ ​លោក​ រស់​ ពិសិដ្ឋ​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​២១​ ខែ​មេសា​ ឆ្នាំ​២០១៦​ បានសម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន ​បុរស​ម្នាក់​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ករណី​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍ បណ្ដាល​ឲ្យ​ឪពុក​ស្លាប់ ​និង​កូន​ប្រុស​អាយុ​៩ខែ​របួស​ធ្ងន់​ នៅ​ចំណុច​ទល់មុខ វត្តជ្រោយអំពិល ស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់​ក្បាល​កោះ​ ខណ្ឌច្បារអំពៅ កាលពី​ថ្ងៃទី​១៩​ ខែ​មេសា​ កន្លង​ទៅ​ នេះ​បើ​យោង​តាម​ដីកា​ឃុំ​ខ្លួន ​របស់​តុលាការ​។

ជនបង្ក​រូប​នេះ​ឈ្មោះ​ សៅ​ សុងនាង​ អាយុ​៥០ឆ្នាំ​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ ពី​បទបើក​បរ​ធ្វេសប្រហែស ​បណ្ដាល​ឲ្យ​ស្លាប់​អ្នក​ដទៃ​ តាម​មាត្រា​៨៥​ ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​។

គួរ​រំលឹក​ថា​ ជនរងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ ​នៅ​ខណ្ឌ​ច្បារ​អំពៅ​មាន​​ឈ្មោះ ចៅ ផល្លា អាយុ៣០ឆ្នាំ ជារកស៊ីលក់រថយន្ត រស់​នៅ​ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ និងកូនប្រុសតូច ឈ្មោះ ម៉េង លីហ៊ា អាយុ៩ខែ រងរបួសធ្ងន់ធ្ងរ។

ប្រភពព័ត៌មានពីសាក្សីដែលឃើញ ហេតុការណ៍បានរៀបរាប់ថា នៅមុនពេលកើតហេតុគេឃើញ បុរសរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកស្មាសវី ពណ៌ខ្មៅ ពាក់សា្លកលេខភ្នំពេញ 1BS–3364 ជិះឌុបកូនប្រុស អាយុទើប៩ខែ ធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុក្បែរនឹងវត្តជ្រោយអំពិល ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក Mini Cooper ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2W-2109 ធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ១ដូចគ្នាក្នុងទិសដៅបញ្ច្រាស គឺពីកើតមកលិចវិញ ក្នុងល្បឿនលឿន ក៏រេចង្កូតជ្រុលបុកផ្ទប់នឹងម៉ូតូជនរងគ្រោះទាំង២នាក់ពេញទំហឹង បណ្តាលឱ្យខ្ទាតទាំងមនុស្ស និងម៉ូតូខ្ទាតជាង១០ម៉ែត្រ ប៉ើងរងរបួសធ្ងន់ធ្ងរទាំង២នាក់ ដោយក្នុងនោះបុរសជាឪពុកត្រូវ បាក់ដៃបាក់ជើង ទាំងសងខាង និងបែកក្បាលហូរឈាម ស្រោចពេញមុខ និង​បាន​ស្លាប់​ពេល​បញ្ចូន​ទៅ​មន្ទីរពេទ្យ​។ ដោយឡែកទារកទើបអាយុ៩ខែ ដែលជាកូនត្រូវបែកក្បាល ហូរឈាម ស្រោចពេញមុខ និងដងខ្លួនទ្រហោយំខ្លាំងៗ រកអ្នកជួយ មើលទៅគួរឲ្យ​សង្វែគ​បំផុត។

ភ្លាមៗនោះប្រជាពលរដ្ឋ បាននាំគ្នាទាក់ទងទៅកាន់រថយន្តសង្គ្រោះ​ ដឹកជនរងគ្រោះទាំង២នាក់ ឪពុកកូនយកទៅសង្គ្រោះ បន្ទាន់ផងដែរ​ តែ​អកុសល​ឪពុក​បាន​ស្លាប់​៕