(ម៉ូស្គូ)៖ យន្តហោះមួយគ្រឿងរបស់រុស្ស៊ីផ្ទុកដោយជំនួយមនុស្សធម៌ បានហោះចេញពីរដ្ឋធានី Moscow ហើយបាននឹងកំពុងធ្វើដំណើរទៅកាន់ ប្រទេសអេក្វាទ័រ ដើម្បីជួយដល់អេក្វាទ័រ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏អាក្រក់បំផុត ដែលបានសម្លាប់មនុស្សជាង៥៧០នាក់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ។

អ្នកនាំពាក្យរបស់រុស្ស៊ីបានឲ្យដឹងថា «តាមការបង្កាប់របស់លោកប្រធានាធិបតីរុស្ស៊ី យន្តហោះប្រភេទ Ilyushin Il-76 បានហោះចេញពី អាកាសយាន្តដ្ឋាន Ramenskoye ជិតរដ្ឋធានី Moscow ហើយ»។ យន្តហោះនេះផ្ទុកទៅដោយ៣០តោន នៃស្បៀង, តង់ និងម៉ាស៊ីនភ្លើងចល័ត។
គ្រោះរញ្ជួយដីបានវាយប្រហារ តំបន់ឈូងសមុទ្រភាគខាងជើង ឆៀងខាងលិចប្រទេសអេក្វាទ័រ នៅវេលាម៉ោងប្រមាណ៧៖០០ល្ងាច (ម៉ោងក្នុងតំបន់) ថ្ងៃទី១៦ មេសា បណ្តាលឲ្យមានមនុស្សជាង ២៥០០នាក់បានរងរបួស ជាមួយនឹងភាគច្រើននៃពួកគេ រស់នៅភាគខាងលិច ទីក្រុង Portoviejo៕