(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌមានជ័យ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន មួយកន្លែង ស្ថិតនៅត្រង់ ភូមិព្រែកតាគង់ សង្កាត់ចាក់​អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ  ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ គេចខ្លួនម្នាក់។

ជនសង្ស័យ ២នាក់ខាងលើ មានឈ្មោះ ទី១-ឈ្មោះ ហួយ ធីដែន ហៅ ណែត ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅ ភូមិព្រែកតាគង់  សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (ចាប់បាន)។ ទី២-ឈ្មោះ លីន ភេទប្រុស  អាយុ២៥ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅ ភូមិព្រែកតាគង់  សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (រត់បាត់)។

នគរបាល មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវទៅដឹងថា ជនសង្ស័យឈ្មោះ លីន មកធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅចំណុចកើតហេតុខាងលើ ពេលនោះកម្លាំងសមត្ថកិច្ច បានចុះ​ទៅបង្រ្កាប ស្រាប់តែជនសង្ស័យ ឈ្មោះ លីន បានរត់គេចខ្លួនតាមផ្ទះរបស់ឈ្មោះ ហួយ ធីដែន ហៅ ណែត ដែលនៅជាប់គ្នានោះ លោតចូលក្នុង ទឹកបឹងក្រោមផ្ទះ គេចខ្លួនបាត់។ បន្ទាប់មក​សមត្ថកិច្ច​បានឆែកឆេររកឃើញវត្ថុតាងនៅក្នុងផ្ទះរបស់ឈ្មោះ លីន ក្រាមពណ៌សថ្លាចំនួន ០៥កញ្ចប់ធំ ជញ្ជីងអេឡិចត្រូនិច១គ្រឿង និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។

ក្រោយមកកម្លាំងសមត្ថកិច្ចបានឆែកឆេរនៅផ្ទះរបស់ឈ្មោះ ហួយ ធីដែន រកឃើញឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន  ពេលនោះក៏ឃាត់ខ្លួនឈ្មោះ ហួយ ធីដែន យកមកសាកសួរ​នៅស្នាក់​ការប៉ុស្តិ៍តែម្តង ហើយបានដកហូតវត្ថុតាងខាងលើមករក្សាទុកក្នុងបុស្តិ៍នគរបាលខណ្ឌមានជ័យតែម្ដង៕