(បន្ទាយមានជ័យ)៖​ ​លោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ បានប្រាប់​ភ្នាក់ងារ Fresh News ថា នៅរសៀលថ្ងៃទី២១ ខែ​មេសា ឆ្នាំ​២០១៦ អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះពិនិត្យទឹកស្ទឹងសិរីសោភ័ណ ដែលរីងស្ងួតហួតហែង ធ្លាក់ដល់ចំណុចប្រកាសអាសន្ន និងបង្កឲ្យមានក្តីព្រួយ​បារម្ភជាខ្លាំង ជាពិសេសចំពោះប្រជាពលរដ្ឋ ក្នុងក្រុងសិរីសោរភ័ណនេះតែម្តង។

​​លោកអភិបាលរងបានឲ្យដឹងថា ការ​ចុះមើលគ្រប់ទីកន្លែង តាំងពីទំនប់កន្តោល រហូតដល់សំណង់បវេលខេត្តបាត់ដំបងឃើញថា ទឹកស្ទឹងបវរល​ និងស្ទឹង​មង្គលបូរី ស្ទឹងសិរី​សោភ័ណ មាន​សភាពរីងស្ងួត ដីប្រេះបែកក្រហែង រហូតគោក​ដាច់ផ្លូវទឹកជាច្រើន​កន្លែង ស្ទើរគ្មានសល់។ បើសិនជាអាកាស​ធាតុនៅតែបន្តក្តៅខ្លាំង និងរាំង​ស្ងួត គ្មានភ្លៀងធ្លាក់ទេនោះ ខេត្តបន្ទាយ​មានជ័យ ជាពិសេសក្រុង​សិរីសោភ័ណ នឹងជួបគ្រោះអាសន្ន​ ខ្វះទឹកប្រើប្រាស់ជាក់ជាមិនខាន។

លោកបន្តថា ​អាជ្ញាធរយើងបានស្នើដល់ក្រុមហ៊ុនទឹកស្អាត ត្រូវរកម៉ាស៊ីនបូម​ទឹកពីផ្នែកខាងក្រោម​នៃស្ទឹង និងសូមឲ្យក្រុមហ៊ុនកាយស្ទឹងឲ្យ​បានជ្រៅជាងនេះ និងជីកស្រះ​ ដើម្បីទប់ទឹកពេល​រដូវវស្សា ម្យ៉ាងទៀតខេត្តនឹងធ្វើការ​ស្នើបង្ហូរទឹកពីខេត្តបាត់​ដំបង មកចូលក្រុង​សិរីសោភ័ណ ក៏ដូចជាស្រុកមង្គលបូរីឲ្យបាន​ប្រើប្រាស់ផង។ ស្របពេលជា​មួយគ្នានោះ លោកក៏បានសំណូមព​រ​ដល់ពលរដ្ឋ ត្រូវចេះប្រើប្រាស់​សន្សំសំចៃ ឬរក្សាទឹកទុក ដើម្បី​ការពារទៅថ្ងៃមុខ។

លោកក៏បានបន្តថា មិនមែនតែ​ខេត្តបន្ទាយ​មានជ័យនោះទេ ដែលជួយ​គ្រោះរាំងស្ងួត ខ្វះទឹកប្រើប្រាស់នេះ នៅខេត្តផ្សេង​ទៀតក្នុងប្រទេសកម្ពុជា និងប្រទេស​ជិតខាងយើងក៏សុទ្ធសឹងតែ​កំពុង ជួបនូវគ្រោះ​អាសន្ននេះ​ដូចគ្នាផងដែរ បើតាមការ​​ប្រកាសរបស់​ក្រសួងធនធានទឹក៕