(ភ្នំពេញ)៖ បន្ទាប់​ពី​​ក្រុមហ៊ុន​ អ៊ីហ្ស៊ីខម ​ដំណើរ​ការ​​កម្មវិធី Ezecom App ដែល​ប្រតិបត្តិការ នៅ​លើ​ទូរស័ព្ទ ស្មាតហ្វូន​ និងថេបប្លេត រយៈ​ពេល​ជិត​១ឆ្នាំមក កម្មវិធីនេះ មានគេ​​ទាញ​យកមក​ប្រើប្រាស់​ជាង​​៦ម៉ឺន​ដង។ នេះ​បើ​យោងតាមទិន្នន័យ របស់​ក្រុមហ៊ុន​ Google និង Apple។ ​

កម្មវិធី​ឥត​គិត​ថ្លៃ​នេះ មានដូចជា​ ព័ត៌មាន​ថ្មី​ៗ អំពី​ក្រុមហ៊ុន​អ៊ីហ្ស៊ីខម រូបភាព​បន្ត​ផ្ទាល់​ ពី​កាមេរ៉ាចរាចរណ៍ វិទ្យុ និង​ព័ត៌មាន​លម្អិត ​អំពី​របៀបចុះឈ្មោះ ឬ​ទំនាក់​ទំនង​មកកាន់​ ក្រុមហ៊ុន​អ៊ីហ្ស៊ីខម។

កម្មវិធី​ Ezecom App ដែលចាប់ផ្តើម​​ដំណើរការ​កាលពី​ខែ មិថុនា ឆ្នាំ​២០១៥ គឺអាច​​​ប្រើប្រាស់បាន​ ទាំងទូរស័ព្ទដៃ​​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង​ប្រព័ន្ធ​ប្រតិបត្តិការ iOS។

​​លោក​ ហែម​ សុវត្ថិ​ អគ្គនាយក​រង​ក្រុមហ៊ុនអ៊ីហ្ស៊ីខម បាន​ឲ្យ​ដឹង​​ថា ការគាំទ្រ​នូវ​កម្មវិធី​នេះ​ ទំនង​ជាមកពីលទ្ធផល​នៃ​កាមេរ៉ាចរាចរណ៍ និងវិទ្យុ​ផ្សាយ​ផ្ទាល់​ ដោយសារ​ក្នុង​នោះ​សកម្មភាព​ចរាចរណ៍​​ ត្រូវ​បាន​ផ្សាយ​ផ្ទាល់​ចេញ​ពី​កាមេរ៉ាចំនួន​១០ របស់​ក្រុមហ៊ុន​អ៊ីហ្ស៊ីខម ដែលបាន​ដំឡើង​នៅតាម​ដង​​ផ្លូវដែល​​កកស្ទះ​ខ្លាំង​មួយ​ចំនួន ក្នុង​ក្រុង​ភ្នំពេញ។​

លោក​ ហែម​ សុវត្ថិ បានបន្តថា ក្នុង​គោល​​បំណង​​​ចូលរួម​ចំណែក ក្នុងការ​បញ្ចៀស​ការ​កក​ស្ទះ​​​​ចរាចរណ៍​ ដោយ​​​អ្នកធ្វើដំណើរ​កាន់តែច្រើន​ឡើង ក្នុង​​​​​​​អំឡុង​ពេល​ចេញ​ ទៅ​ធ្វើការ និង ​ត្រឡប់មក​ពីធ្វើការ​​​វិញ។ ដូច្នេះ​ ពួកគាត់​អាចមើលឃើញ​​ចរាចរណ៍​ តាមផ្លូវបាន​​​​យ៉ាង​ងាយស្រួល នៅលើ​ទូរស័ព្ទរបស់​គាត់​​។​

លោក​ បន្តថា «កម្មវិធីពិសេសនេះ ត្រូវ​បាន​បង្កើត​ឡើងដោយ​​ស្រប ទៅ​នឹង​​គំនិត​ផ្តួច​ផ្តើម​ សុវត្ថិភាព​ចរាចរណ៍​ នៅកម្ពុជា ក៏ដូចជា​​​​ស្តែងឲ្យឃើញ​ ពី​​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង ជា​បន្តបន្ទាប់មួយ​​របស់​ក្រុមហ៊ុន​អ៊ីហ្ស៊ីខម ចំពោះ​ការទទួល​ខុស​ត្រូវ​ សង្គម​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ»

កាមេរ៉ា​ផ្សាយ​ផ្ទាល់ របស់​ក្រុមហ៊ុន​អ៊ីហ្ស៊ីខម ត្រូវ​បាន​ដំឡើង​នៅលើ​​ផ្លូវ​​ស្ពាន​អាកាស ៧មករា,ក្បាលថ្នល់,ផ្លូវ​ស៊ីសុវត្ថិ​,មហាវិថី​ព្រះមុនី​វង្ស ,មហាវិថី​ព្រះមុនីរ៉េត​ (សណ្ឋាគារ​អ៊ីនធើខន) មហាវិថី​អង្គរ (រង្វង់មូល​កាំកូ),ទួល​គោក,ចោមចៅ​, មហាវិថី​ហ្សាដឺហ្គោល​ (ពហុកីឡាដ្ឋានជាតិអូឡាំពិក),ស្ទឹងមានជ័យ​ និង​មហាវិថី​រុស្ស៊ី​ (រតនា ផ្លាហ្សា)។

ក្រុមហ៊ុន​អ៊ីហ្ស៊ីខម​ ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​បម្រើ​​សេច​ក្តី​ត្រូវ​ការ​របស់​បណ្តា​សហគ្រាស​ អាជីវកម្ម​ទាំង​ឡាយ​ ព្រមទាំង​អ្នក​ប្រើប្រាស់​ នៅ​តាម​គេហដ្ឋាន​ ដែល​កំពុង​មាន​តម្រូវ​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ​ក្នុង​ទីផ្សារ​កម្ពុជា​។

ក្រុមហ៊ុន​អ៊ីហ្ស៊ីខម បាន​ទិញ​យក​ក្រុមហ៊ុន​ ខ្សែកាប្លិ៍​អុបទិក Telcotech ដែល​នឹង​នាំ​មក​នូវ​សេវា​អ៊ីនធឺណិត ​ដែល​មាន​ល្បឿន​លឿន​ និង​ទុកចិត្ត​បំផុត ​មក​កាន់​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​ក្រោយ​នេះ តាមរយៈ​ការ​បង្កើត​​ ខ្សែកាប្លិ៍​អុបទិក​ ក្រោម​បាត​សមុទ្រ​ ម៉ាឡេស៊ី​-​កម្ពុជា-​ថៃ (MCT)៕