(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១៦០លានរៀល ចំពោះគ្រូបង្វឹក និងកីឡាការិនី ស៊ន សៀវម៉ី ដែលបានខិតខំរហូតឈ្នះមេដាយមាស ពីការប្រកួតវគ្គជម្រុះកីឡាអូឡាំពិក រដូវក្តៅឆ្នាំ២០១៦ នៅប្រទេសហ្វីលីពីន។

ប្រាក់រង្វាន់នេះដែរ គឺមានន័យថា គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងលោក ឆយ យ៉ុងសុក នឹងទទួលបានប្រាក់រង្វាន់ស្មើម្ចាស់ មេដាយមាស ស៊ន សៀវម៉ី ចំនួន៨០លានរៀលដូចគ្នាទៅតាមអនុក្រឹត្យលេខ ៥៣២ អនក្រ.បក ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្តីពីការផ្តល់ប្រាក់រង្វាន់ចំពោះជ័យលាភី និងប្រាក់ឧបត្ថម្ភចំពោះគ្រូបង្វឹក ក្នុងការប្រកួតជាលក្ខណៈអន្តរជាតិនានា៕