(ភ្នំពេញ)៖ ដើម្បីរួមចំណែកជួយសម្រួលជីវភាពរស់នៅ និងការរក្សាអនាម័យរបស់ប្រជាជនយើង ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធានមូលនិធិហោ ណាំហុង-បូរីហោ បានជួយឧបត្ថម្ភប្រជាជននៅភូមិតានង់ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នូវបង្គន់អនាម័យចំនួន៥០ ដើម្បីជួយរក្សាអនាម័យ ក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងភូមិនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

កាលពីថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១ មូលនិធិហោ ណាំហុង-បូរី ហោ ក៏បានជូនអំណោយគ្រឿងឧបភោគបរិភោគ និងថវិកាខ្លះ ដល់ប្រជាពលរដ្ឋចំនួន ៣៥០គ្រួសារ នៅឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សូមជម្រាបផងដែរថា ក្នុងអំឡុងពេលជំងឺកូវីដ-១៩ រាលដាលក្នុងប្រទេសកម្ពុជា ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជានិច្ចកាលតែងតែឧបត្ថម្ភថវិកា និងសម្ភារ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ៕