(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ប្រាក់ឈ្នួលសកល ឆ្នាំ២០២០-២០២១ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្ពុជាបានបន្តដំឡើងប្រាក់ឈ្នួលអប្បបរមាពីរឆ្នាំជាប់គ្នានៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ខណៈប្រទេសក្នុងតំបន់ និងប្រទេសប្រកួតប្រជែងជាមួយកម្ពុជាបានពន្យារពេល ឬមិនបានផ្តល់ឱកាសឱ្យមានការជជែកចរចាប្រាក់ឈ្នួល អប្បបរមានោះឡើយ នៅក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។

គួររំលឹកថា របាយការណ៍ប្រាក់ឈ្នួលសកល គឺជារបាយការណ៍សំខាន់មួយរបស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានចេញផ្សាយរៀងរាល់ពីរឆ្នាំម្តង។ របាយការណ៍ដែលបានចេញផ្សាយក្នុង ឆ្នាំ២០២០-២០២១នេះ បានសិក្សាពីប្រព័ន្ធប្រាក់ឈ្នួលអប្បបរមានៅទូទាំងពិភពលោក និងតួនាទីរបស់ប្រាក់ឈ្នួលអប្បបរមាក្នុងការកាត់បន្ថយវិសមភាពសង្គម ព្រមទាំងរបៀបនៃការកំណត់ ឬការចរចាប្រាក់ឈ្នួលអប្បបរមាដែលអាចដើរតួនាទី យ៉ាងសំខាន់ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩។

ការដំឡើងនេះបានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធានា និងរក្សាស្ថិរភាពជីវភាពរបស់កម្មករនិយោជិត ដោយឈរលើអភិក្រមនៃការវាយតម្លៃ តុល្យភាពរវាងផលប៉ះពាល់ជាអវិជ្ជមានដល់សង្គម-សេដ្ឋកិច្ច និងការងារ ទៅនឹងនិរន្តរភាពនៃរោងចក្រ សហគ្រាស និងការការពារប្រាក់ចំណូលរបស់កម្មករនិយោជិត និងគ្រួសារ ដែលស្របតាមអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារ ILO។

សិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ប្រាក់ឈ្នួលសកល ឆ្នាំ២០២០-២០២១ មានគោលបំណងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង និងធ្វើបច្ចុប្បន្នភាពព័ត៌មានបន្ថែមអំពីការវិវឌ្ឍនៃប្រព័ន្ធប្រាក់ឈ្នួលអប្បបរមានៅក្នុងតំបន់ ព្រមទាំងវិធីសាស្រ្តក្នុងការពង្រឹងស្ថាប័នទីផ្សារការងារ និងការរៀបចំគោលនយោបាយប្រាក់ឈ្នួលប្រកបដោយប្រសិទ្ធភាពក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។

សិក្ខាសាលានេះក៏បានបង្ហាញយ៉ាងច្បាស់នូវការបន្តការគាំទ្រយ៉ាងសកម្មរបស់អង្គការ ILO ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត, លើកកម្ពស់ភាពទាក់ទាញ និងភាពអំណោយផលនៃបរិយាកាសសម្រាប់សកម្មភាពធុរកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា និងសំដៅឆ្លើយតបទៅនឹងនិន្នាការនៃការផ្លាស់ប្តូរក្នុងនិម្មាបនកម្មសេដ្ឋកិច្ច និងទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។

លោករដ្ឋមន្រ្តីក៏បានលើកឡើងថា សិក្ខាសាលានេះគឺជាសង្ខីភាពថ្មីមួយបន្ថែមទៀតក្នុងវិស័យការងារ ដែលឆ្លុះបញ្ជាំងពីសារៈសំខាន់របស់ស្ថាប័នក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករនិយោជិត និងសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ។

លើសពីនេះ ក្រសួងនឹងបន្តខិតខំបន្ថែមទៀតក្នុងការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការងារ ការពង្រឹងពង្រីកយន្តការនិងសមត្ថភាពស្ថាប័ន និងបង្កើនកិច្ចសហការជាមួយដៃគូរពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យប្រាក់ឈ្នួលអប្បបរមាកាន់តែមានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីបានសង្ឃឹមជឿជាក់ថា សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលតំណាងឱ្យភាគីរាជរដ្ឋាភីបាល តំណាងឱភាគីនិយោជក និងតំណាងឱ្យភាគីកម្មករនិយោជោត នឹងទទួលបាននូវចំណេះដឹង ព័ត៌មាន និងបទពិសោធន៍ល្អៗពីការវិវឌ្ឍនៃការអនុវត្តប្រព័ន្ធប្រាក់ឈ្នួល ប្រាក់ឈ្នួលអប្បបរមាពីបណ្តាប្រទេសផ្សេងៗ ដើម្បីជាមូលដ្ឋានបន្ថែមទៀតក្នុងពង្រឹងយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត៕