(ស្ទឹងត្រែង)៖ លោកវេជ្ជជបណ្ឌិត អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានប្រគល់ជែលលាងដៃចំនួន ៩០០កេស ដល់រដ្ឋបាលខេត្តស្ទឹងត្រែង មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាពទាំង១៧ និងអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្រុកទាំង៦។

ពិធីប្រគល់ និងទទួលជែលលាងដៃនេះ បានធ្វើឡើងនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមានលោក ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។

ក្នុងឱកាសនោះដែរ លោកវេជ្ជជបណ្ឌិត អ៊ុយ សំអាត បានពាំនាំនូវព្រះរាជបណ្តាំការសួរសុខទុក្ខពីសំណាក់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់នៃយើង និងបណ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនថ្នាក់ដឹកនាំ-មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលកំពុងបម្រើការងារផ្នែកមនុស្សធម៌ នៅទូទាំងខេត្តស្ទឹងត្រែង និងថ្លែងអំណរគុណ កោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលនៅគ្រប់ មន្ទីរពេទ្យទាំងអស់ ក្នុងខេត្តស្ទឹងត្រែង ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនោះ លោក ស្វាយ សំអ៊ាង បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់នៃយើង, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខភាព និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសការផ្តល់ជែលលាងដៃនាពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មន្ត្រីដែលអនុវត្តការងារ ដើម្បីទប់ស្កាត់ការចម្លងមេរោកូវីដ១៩។

ក្រោយពីទទួលបានជែលលាងដៃនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងយកទៅប្រើប្រាស់ឱ្យចំគោលដៅក្នុងការបម្រើសកម្មភាពរួមចំណែកទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ នៅតាមមូលដ្ឋាននានាឱ្យមានប្រសិទ្ធភាព៕