(កំពង់ឆ្នាំង)៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានទុកឱសានវាទរយៈពេល២ថ្ងៃ ដើម្បីឱ្យប្រជាពលរដ្ឋ៤គ្រួសារ រស់នៅលើសំណង់១៣ល្វែងទ្រុឌទ្រោមនៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវរុះរើអីវ៉ាន់ចេញឱ្យអស់ មុននឹងអាជ្ញាធរចាត់វិធានការរដ្ឋបាល។

ការកំណត់ឱសានវាទបែបនេះ របស់អាជ្ញាធរខេត្តកំពង់ឆ្នាំង បានធ្វើឡើងនាឱកាសដែលក្រុមការងារចម្រុះថ្នាក់ខេត្តដឹកនាំដោយលោក សាន់ យូ អភិបាលរងខេត្ត នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បានចុះត្រួតពិនិត្យមើល ការរុះរើឥវ៉ាន់ចេញឱ្យអស់ពីសំណង់ផ្ទះ១៣ល្វែង ដែលទ្រុឌទ្រោមខូចគុណភាព នៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង តាមការកំណត់កាលពីថ្ងៃទី៣ ខែធ្នូ ដែលបានឱ្យប្រជាពលរដ្ឋជាម្ចាស់ផ្ទះទាំង១២គ្រួសារ រុះរើឥវ៉ាន់ចេញឱ្យអស់ មុនថ្ងៃទី១៤ ខែធ្នូ។

លោក សាន់ យូ បានឱ្យដឹងថា កន្លងមកអាជ្ញាធរក្រុង និងខេត្តព្រមទាំងក្រសួងពាក់ព័ន្ធ បានចេញលិខិតជូនដំណឹងឱ្យប្រជាពលរដ្ឋទាំង១២គ្រួសារ រស់នៅលើផ្ទះ១៣ល្វែងនេះ ចាកចេញពីសំណង់ដែលទ្រុឌទ្រោមនេះ ដែលការជូនដំណឹ ងមកដល់ពេលនេះមានរយៈពេល៣ឆ្នាំហើយទើបពួកគាត់ព្រមចាកចេញ។

ប៉ុន្តែនៅល្ងាចនេះ ដោយពិនិត្យឃើញប្រជាពលរដ្ឋចំនួន៤គ្រួសារ ដែលមានការយឺតយ៉ាវជាងគេក្នុងការរុះរើឥវ៉ាន់ចេញពីផ្ទះនោះ អាជ្ញាធរបានសម្រេចទុកពេលឱ្យ២ថ្ងៃទៀត ដើម្បីឱ្យពួកគាត់ទាំង៤គ្រួសារ រុះរើឥអីវ៉ាន់ចេញឱ្យអស់ ពីសំណង់ផ្ទះ១៣ល្វែងនេះ ព្រោះតែខ្លាចសំណង់នេះដែលមានអាយុកាលជាង៩០ឆ្នាំហើយនោះ រលំបាក់ខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារដ៏ចំណាស់មួយនេះ។ ប៉ុន្តែបើហួសកាល កំណត់២ថ្ងៃបន្ទាប់នេះ អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការរដ្ឋបាលតាមផ្លូវច្បាប់មិនលើកលែងឡើយ។ នេះបើតាមការបញ្ជាក់របស់លោក សាន់ យូ។

ទន្ទឹមនេះដែរ អាជ្ញាធរខេត្ត សំណូមពរឱ្យប្រជាពលរដ្ឋជាម្ចាស់ផ្ទះ១៣ល្វែង មានចំនួន១២គ្រួសារ ធ្វើលិខិតរួមគ្នាមួយ ដើម្បីសុំច្បាប់វាយកម្ទេចសំណង់ទ្រុឌទ្រោមនេះចោល។ រដ្ឋបាលខេត្តនឹងជួយសម្រួលចេញច្បាប់វាយកម្ទេចសំណង់នេះចោលឲ្យបានលឿន។ ការងារបន្ទាប់នោះ គឺប្រជាពលរដ្ឋជាម្ចាស់ផ្ទះទាំង១៣ល្វែងនេះ ត្រូវធ្វើលិខិតសុំច្បាប់សាងសង់ផ្ទះលែ្វងនេះឡើងវិញ ដែលរដ្ឋបាលខេត្តនឹងជួយសម្រួលក្នុងការជួយគូរប្លង់ និងចេញច្បាប់សាងសង់នេះឱ្យបានលឿនផងដែរ។

សូមបញ្ជាក់ថា នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ ចំពោះម្ចាស់ផ្ទះល្វែងចំនួន៩ផ្ទះ ដែលបានចាកចេញហើយនោះ ក្រុមការងារចម្រុះបានទិញសោយកមកចាក់បិទទ្វារផ្ទះទាំងអស់នោះ ដោយមិនអនុញ្ញាតឱ្យអ្នកណា ចេញចូលទៀតឡើយ ហើយក៏បានចងខ្សែព័ទ្ធពីមុខផ្ទះ និងដាក់ស្លាកសញ្ញាសំណង់គ្រោះថ្នាក់ផងដែរ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ជាយថាហេត៕