(កោះកុង)៖ លោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្តកោះកុង តំណាងលោកស្រី មិថុនា ភូថង អភិបាលខេត្ត និងសហការី បាននាំយកសម្ភារ បរិក្ខា និងឱសថបុរាណចិន (Lianhua Qingwen Jiaonang) ចំនួន៩០០ប្រអប់ សម្រាប់ព្យាបាលជំងឺកូវីដ១៩ ដែលទទួលបានពីសប្បុរសជននានាជូនដល់លោក គ្រី ប៊ុនថា ប្រធានពន្ធនាគារខេត្តកោះកុង ដើម្បីទុកសម្រាប់ព្យាបាលជំងឺកូវីដ១៩ ជូនមន្ត្រីពន្ធនាគារ និងជនជាប់ទោសក្នុងពន្ធនាគារ។

លោក អ៊ុក ភ័ក្រ្តា បានឱ្យដឹងថា ដោយអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល «៣កុំ និង៣ការពារ» ដើម្បីការពារជំងឺកូវីដ១៩ ដែលជាជំងឺឆ្លងសកលមានហានិភ័យខ្ពស់ និងមានការចង្អុលបង្ហាញពីលោកស្រី មិថុនា ភូថង អាជ្ញាធរ បានយកចិត្តទុកដាក់សម្រាប់ទណ្ឌិតជនជាប់ទោសថែមទៀតផង។

លោកអភិបាលរងបានបន្ថែមថា សម្ភារ បរិក្ខា និងឱថសបុរាណចិនចំនួន៩០០ប្រអប់នេះ អាជ្ញាធរខេត្តបានមកពីសប្បុរសជន ហើយបានចែកបន្តជូនដល់ប្រធានពន្ធនាគារខេត្ត ដើម្បីទុកចែកជូនមន្ត្រីពន្ធនាគារ និងអ្នកជាប់ទោស បើសិនមានការឆ្លងជំងឺកូវីដ១៩។

លោក គ្រី ប៊ុនថា ប្រធានពន្ធនាគារខេត្ត មានសេចក្តីសោមនស្សរីករាយក្រៃលែងដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹងនាំខេត្ត បានយកចិត្តទុកដាក់ចំពោះមន្ត្រីពន្ធនាគារ និងជនជាប់ទោសក្នុងសម័យកាលជំងឺកូវីដ១៩។

លោកបានបន្តថា សម្ភារ បរិក្ខា និងឱសថបុរាណចិនទាំងអស់នេះ គឺទុកសម្រាប់ព្យាបាលមន្ត្រីពន្ធនាគារ និងជនជាប់ទោស បើសិនមានអ្នកកើតជំងឺកូវីដ១៩ ឬក្នុងលក្ខណៈសង្ស័យ និងធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩៕