(កំពង់ឆ្នាំង)៖ លោកបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះពង្រឹងខេត្តកំពង់ឆ្នាំង រួមសហការជាមួយក្រុមការងារក្រសួងរៀបចំដែនដី ក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បើកយុទ្ធនាការដាំដើមត្នោត និងដើមឫស្សីជាង ៤ពាន់ដើម នៅលើដីតំបន់៣ នៅក្នុងឃុំច្រណូក ស្រុកកំពង់លែង ជាប់ព្រំប្រទល់ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

លោកបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងថា៖ «ថ្ងៃនេះយើងបានសហការគ្នាជាមួយក្រសួងពាក់ព័ន្ធ និងសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព សហភាពសហព័នយុវជនកម្ពុជាស្រុក និងខេត្ត មន្ត្រីរាជការជុំវិញខេត្ត សិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធ ដាំដើមត្នោត និងដើមឫស្សីរាប់ពាន់ដើម នៅក្នុងដីតំបន់៣ ដែលរដ្ឋបានរហូតដើម្បីបង្កើនព្រៃ លិចទឹកឡើងវិញ ទុកជាជម្រកមច្ឆាជាតិនៅជុំវិញបឹង ទន្លេសាបឲ្យសម្បូរដូចដើម»

លោករដ្ឋមន្ត្រី សូមថ្លែងអំណរគុណដល់កងកម្លាំងយុវជនដែលជាសសរទ្រូង និងជាអ្នកបន្តវេណរបស់ជាតិ ដែលបានចូលរួមយ៉ាងសកម្មក្នុងការដាំដុះដើមឈើព្រៃលិចទឹក លើកទី២ ក្នុងពេលនេះ។

លោកបណ្ឌិតបានបន្តថា ចំពោះបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដកហូតព្រៃលិចទឹកពីជនខិលខូចដែលបានលួចឈូសឆាយកាន់កាប់ជាកម្មសិទ្ធិនោះ ក្រុមការងារអន្តរក្រសួង និងអាជ្ញាធរខេត្ត បានសហការគ្នាចុះប្រតិបត្តិការ បានលទ្ធផលយ៉ាងល្អប្រសើរ។ ដូច្នេះចំពោះអ្នករ៉ឹងរុះមិនព្រមចេញមកភាពប្រគល់ដីតំបន់៣ ជូនរដ្ឋវិញនោះ សមត្ថកិច្ចនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់។

នៅក្នុងពិធីនេះដែរលោក ចេង ចាន់ដូណា អភិបាលរងស្ដីទីស្រុកកំពង់លែង បានរាយការណ៍ថា អាជ្ញាធរបានសហការជាមួយក្រសួងពាក់ព័ន្ធ ដាំដុះដើមត្នោតចំនួន១០ដើម គ្រាប់ត្នោតចំនួន ៣ពាន់គ្រាប់ និងដាំដើមឫស្សីចំនួន ១,០០០ ដើមនៅក្នុងដីតំបន់៣។ លោកថា កាលពីថ្ងៃទី២ ខែធ្នូ រដ្ឋបាលខេត្ត ក៏បានដាំដើមឈើព្រៃលិចទឹកចំនួន២,០០០ដើម រួចមកហើយផងដែរ នៅក្នុងផ្ទៃដីតំបន់ជាង ២ពាន់ហិកតា ដែលបានធ្វើការដកហូតមកទុកជាសម្បត្តិរដ្ឋកន្លងទៅថ្មីៗនេះ។

លោកបន្តថា ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ក្រោមការដឹកនាំ និងបញ្ជារបស់លោក ស៊ុន សុវណ្ណរិទ្ធិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង អាជ្ញាធរបានប្រើប្រាស់កម្លាំងប្រដាប់អាវុធចម្រុះចំនួន ២១៧នាក់ រួមនឹងមន្ទីរអង្គភាពពាក់ព័ន្ធ បានដកហូតដីតំបន់៣ ចំនួន២,០៥៨,៥០ហិកតា ពីនាក់សារភាពចំនួន១៣នាក់ នៅតំបន់គោកព្រះ ឃុំច្រណូក ស្រុកកំពង់លែង។

ក្នុងនោះដែរកម្លាំងចម្រុះបានរុះរើរោងចាំស្រែចំនួន៥៥ខ្នង រុះរើបង្គោលរបងបោះលើដីតំបន់៣ បាន២៥៣ដើម និងបានលើកផ្លាកប៉ាណូកំណត់ដីតំបន់ដីចំនួន២ផ្លាក។ ដោយឡែក រដ្ឋបាលស្រុកកំពង់លែង បានទទួលលិខិតសារភាព ពីប្រជាពលរដ្ឋចំនួន១,១៥០នាក់ ដែលបានសារភាពនិងបានស្ម័គ្រចិត្តប្រគល់ដីតំបន់៣ជូនរដ្ឋវិញជាង ៤,៦០០ហិកតា។

ជាមួយគ្នានេះដែរ អាជ្ញាធរស្រុក និងបន្តអប់រំផ្សព្វផ្សាយបទបញ្ជារបស់សម្ដេចតេជោ និងផ្សព្វផ្សាយអំពីច្បាប់ព្រៃឈើជូនប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាបនៅគ្រប់មូលដ្ឋាន ដើម្បីឱ្យពួកគាត់យល់ដឹង និងឈប់បំផ្លិចបំផ្លាញទាំង ដីព្រៃលិចទឹក ដីដែនជម្រក និងដីគម្របព្រៃឈើជាបន្តទៀត៕