(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ គណៈរដ្ឋមន្រ្តីនឹងបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាទីស្តីការគណៈរដ្ឋមន្រ្តី (វិមានសន្តិភាព)។

លោក ផៃ ស៉ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គនោះ នឹងពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖

១៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។

២៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម។

៣៖ សេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥(IDP)។

៤៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA)៕