(ភ្នំពេញ)៖ ដោយទទួលបានការណែនាំ និងការយកចិត្តទុកដាក់ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បានចាត់តាំងក្រុមការងារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយរងខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកសម្របសម្រួលមូល «និធិមហាគ្រួសារកងរាជអាវុធហត្ថ» នាំយកថវិការបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជាង៣៥លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសពឧត្តមសេនីយ៍ត្រី យ៉ុន គា នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺន ភ្នំជុំរីករាយ ដែលបានទទួលមរណៈភាពនាពេលថ្មីៗនេះ ដោយរោគាពាធ។

ក្នុងនាមជាអ្នកសម្របសម្រួល មូលនិធិ «មហាគ្រួសារកងរាជអាវុធហត្ថ» ថ លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ជូនដល់ក្រុមគ្រួសារសព របស់នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងខណៈពេលដ៏ក្រៀមក្រំបំផុតនេះ លោកបានចូលរួមសោកស្តាយចំពោះការបាត់បង់នូវស្វាមី និងឪពុកប្រកបដោយព្រហ្មវិហារធម៌ ក៏ដូចជាការបាត់បង់នូវនាយអាវុធហត្ថជាន់ខ្ពស់មួយរូបដែលធ្លាប់មានស្នាដៃដ៏ធំធេង ក្នុងការបំពេញភារកិច្ចជូនជាតិ មាតុភូមិកន្លងមក និងសួមបួងសួងសូមឱ្យដួងវិញ្ញាក្ខន្ធលោកឧត្តមសេនីយ៍ត្រី យ៉ុន គា សូមបានទៅកាន់សុគតិភព កុំបីឃ្លាងឃ្លាតឡើយ។

លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានឱ្យដឹងដែរថា ជានិច្ចកាលនាយឧត្តមសេនីយ៍ តែងតែងយកចិត្តទុកដាក់ គិតគូរអំពីការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងការងារកសាងអង្គភាព ជាពិសេសនាយឧត្តមសេនីយ៍ តែងតែងក្រើនរំឮកដល់បណ្តាមេបញ្ជាការ គ្រប់អង្គភាពទាំងអស់ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវមានស្មារតីមនុស្សធម៌ គុណធម៌ ចូលរួមរក្សា និងយកចិត្តទុកដាក់ ទៅលើបងប្អូនកងរាជអាវុធហត្ថទាំងអស់ ដែលនៅក្រោមឱវាទ ជាពិសេសនៅពេលដែលពួកគាត់កំពុងតែជួបប្រទះនូវទុក្ខលំបាក ដោយមិនត្រូវប្រកាន់បុណ្យសក្តិ ឋានៈ ឬតួនាទីឡើយ៕